អ្នកនាំពាក្យរដ្ឋសភា៖ ក្នុងឆ្នាំ២០១៩ រដ្ឋសភាគ្រោងចំណាយថវិកាកើនឡើង ១.៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម ឡេង ប៉េងឡុអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ រដ្ឋសភាគ្រោងនឹងចំណាយថវិកាកើនឡើងចំនួន១.៦ភាគរយ បើប្រៀបធៀបឆ្នាំ២០១៨ នៃចំនួនថវិកាសរុប។  

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េង ឡុង បានលើកឡើងថា គម្រោងចំណាយថវិកានេះបានចាបផ្តើមធ្វើតាំងពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦មកម្លេះ ហើយរហូតមកដល់ពេលនេះបានសម្រេចជាស្ថាពរនៃគម្រោងថវិកា នេះ ឯកឧត្តមបានពន្យល់ថា មូលហេតុនៃការចំណាយថវិកាសម្រាប់ឆ្នាំ២០១៩ គឺមានការកើនឡើងនេះដោយសាររដ្ឋសភាត្រូវធ្វើឱ្យមានសុគតភាពជាមួយនឹងព្រឹទ្ធសភា គឺទាក់ទងនឹង ប្រាក់សម្រាប់កម្មវិធីបុណ្យផ្សេងៗរបស់ព្រឹទ្ធសភាខុសពីរដ្ឋសភា ដូច្នេះយើងត្រូវធ្វើឱ្យដូចគ្នា។ ឯកឧត្តមបានបន្ដថា “ការកើននេះក៏យើងធ្វើតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបាន ចេញមកដែរ គឺចំពោះមន្ត្រីរាជការស៊ីវិលប្រាក់ចំណាច់មុខងារត្រូវបានឡើង១០ភាគរយ អីចឹ យើងត្រូធ្វើការដំឡើងប្រាក់មន្ត្រីរាជការយើងឱ្យដល់១០ភាគរយដែរ។ ទន្ទឹមនេះ ប្រាក់មន្ត្រី រាជការ ត្រូវឡើងប្រាក់ខែដោយសាររាជរដ្ឋាភិបាលសម្រេចលុបក្របខណ្ឌ(គ) ចេញ ដូច្នេះ មន្ត្រីដែលឡើងតួនាទី និងក្របខណ្ឌត្រូវតែឡើងប្រាក់ខែ។

ឯកឧត្តមបានបន្ថែមថា ក្រៅពីករណីមន្ត្រីរាជការដែលបម្រើការងារនៅក្នុងរដ្ឋសភានោះ រដ្ឋសភាក៏មានគម្រោងក្នុងការចំណាយថវិកាលើការទិញសម្ភារ ដោយយកសម្ភារចាស់ចេញ ដោយផ្លាស់ដាក់ថ្មីមកជំនួស។ លើសពីនេះទៀត ជាគោលការណ៍សម្រាប់អាណត្តិថ្មីនេះគឺនៅ បន្ទប់របស់អ្នកតំណាងរាស្ត្រ ត្រូវបំពាក់សម្ភារតាមតម្រូវការសម្រាប់ធ្វើការផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា ក្រៅពីការទិញដាក់សម្ភារនៅបន្ទប់សមាជិករដ្ឋសភានោះ ថវិកាក៏គ្រោងចំណយលើការជួសជុលអគារដ្ឋសភា ព្រមទាំងការធ្វើផ្លូវឡើងទៅកាន់អគា(A) ផងដែរ។ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេច អនុម័ត ហើយនឹងបញ្ជូនទៅរាជរដ្ឋាភិបាលដើម្បីបញ្ចូលថវិកាជាតិ

ដោយ អ៊ុន រិទ្ធី