គម្រោងចំណាយរបស់រដ្ឋសភាឆ្នាំ២០១៩ បន្តកើនឡើង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី៖

អ្នកនាំពាក្យរដ្ឋសភា បានអះអាងថា គម្រោងចំណាយរបស់រដ្ឋសភាសម្រាប់ឆ្នាំ២០១៩ខាងមុខនេះ កើនឡើង១,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។

ថ្លែងក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា ការបង្កើនការចំណាយនេះ គឺសម្រាប់ប្រាក់មុខងារ និងក្របខណ្ឌមន្ត្រីរាជការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រាក់សម្រាប់ទិញសម្ភារៈបម្រើឱ្យរដ្ឋសភា ជាដើម។

អ្នកនាំពាក្យរូបនេះ បានបន្តថា គម្រោងចំណាយរបស់អគ្គលេខាធិការរដ្ឋសភានៅឆ្នាំខាងមុខនេះ ត្រូវបានរៀបចំជាសេចក្តីព្រាងគម្រោងថវិការដ្ឋសភា ដោយដាក់បញ្ចូលជាមួយនឹងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាបការគ្រប់គ្រងឆ្នាំ២០១៩របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកមានប្រសាសន៍ថា ការចំណាយរបស់រដ្ឋសភា ត្រូវតែធ្វើឱ្យមានសុក្រឹត្យភាព ជាមួយព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នឹងត្រូវគណៈរដ្ឋមន្ត្រីប្រជុំពិនិត្យ និងអនុម័ត នៅថ្ងៃទី២៦ ខែតុលាស្អែកនេះ ដើម្បីបញ្ជូនទៅសភាទាំងពីរថ្នាក់អនុម័តដាក់ឱ្យប្រើប្រាស់នៅមុនឆ្នាំ២០១៩ខាងមុខនេះ។

តាមការពិភាក្សានៃកិច្ចប្រជុំគម្រោងថវិការដ្ឋសភាឆ្នាំ២០១៩ បានផ្តោតសំខាន់លើការជួសជុលនិងការផ្លាស់ប្តូរប្រព័ន្ធបច្ចេកទេសក្នុងសាលប្រជុំរដ្ឋសភា និងការចំណាយសម្រាប់រៀបចំកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំធ្វើនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ៕