មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឲ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងបន្លំ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖

មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មានចូលរួមទប់ស្កាត់ព័ត៌មានក្លែងបន្លំ ខណៈដែលនាពេលកន្លងមក មានព័ត៌មានតាមបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើអោយប៉ះពាល់ និងមានការភ័ណ្ឌច្រឡំដល់សាធារណជន និងសង្គមជាតិផងដែរ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ស្ដីពីការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី ២៥ខែតុលានេះ នៅទីស្នាក់ការថ្មីៗក្នុងរាជធានីភ្នំពេញ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានប្រសាសន៍ថា កន្លងមកនេះ តាមបណ្តាញសង្គម ក៏ដូចជាស្ថាប័នផ្សព្វផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំប៉ោងព័ត៌មាន ដែលធ្វើអោយប៉ះពាល់គ្រប់វិស័យ ទាំងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យវប្បធម៌ និងសង្គមជាដើម។

ឯកឧត្តមបានបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងបន្លំនេះ គឺជាបញ្ហារួមទាំងអស់គ្នា ទាំងអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងស្ថាប័នរាជរដ្ឋាភិបាល ដោយត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយ និងការពារទប់ស្កាត់ព័ត៌មានក្លែងក្លាយអោយមានប្រសិទ្ធភាព។

ឯកឧត្តមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ក្រសួងព័ត៌មានបានកំពុងរៀបចំ ប្រកាសរួមមួយដែលមាន ក្រសួងព័ត៌មាន ក្រសួងប្រៃសណីយ៍ក្រសួងមហាផ្ទៃ ដើម្បីត្រួតពិនិត្យ និងតាមដានទៅលើប្រភពនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។

ឯកឧត្តមបានអំពាវនាវ អោយអ្នកសារព័ត៌មាន និងនិពន្ធនាយកទាំងអស់សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពិត និងមិនបំភ្លើស ដើម្បីអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។

លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗបានលើកឡើងថា ក្នុងនាមជាស្ថាប័នសារព័ត៌មានមួយដែលមានតួនាទីសំខាន់នៅក្នុងប្រទេសមួយ សារព័ត៌មានថ្មីៗបានមើលឃើញពីភាពចាំបាច់ដែលអ្នកកាសែតត្រូវមានចំណេះដឹង និងបទពិសោធន៍កាន់តែច្រើនទាក់ទងនឹងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបាតុភូតព័ត៌មានក្លែងបន្លំដែលបង្កឲ្យមានចលាចលនៅក្នុងសង្គម។

លោកបន្តថា ហេតុដូច្នេះហើយបានជា សារព័ត៌មានថ្មីៗខិតខំស្វែងការគាំទ្រពីស្ថាប័នផ្សេងៗដើម្បីស្វែងរកលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានស្តីអំពីព័ត៌មានក្លែងបន្លំនេះ។

សូមបញ្ជាក់ថា ប្រកាសរួមស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមដែលដំណើការតាមប្រព័ន្ធអ៊ីនធឺណែតនៅកម្ពុជាមាន១០ប្រការ។ ប្រការ២មានគោលដៅប្រឆាំងទប់ស្កាត់រាល់ការផ្សព្វផ្សាយ ឬការចែកចាយខ្លឹមសារព័ត៌មាន ឬជាអក្សរ សំឡេង រូបភាព វីដេអូ និងទម្រង់ផ្សេងៗទៀត ដែលមានចេតនាបង្កជាចលាចលបណ្ដាលអោយអន្ដរាយដល់វិស័យការពារជាតិ សន្ដិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដ៏ទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈការរើសអើង និងវប្បធម៌ប្រពៃណីជាតិជាដើម៕