ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទានជិត២៥០លានដុល្លារអាម៉េរិកដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានឱ្យដឹងថា កាលពីថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី SunniyaDurrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីចំនួន០៤ ដែលមានទឹកប្រាក់សរុបជិត ២៥០លានដុល្លារអាម៉េរិក។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិភាពជាដៃគូរបស់សាធារណរដ្ឋកូរ៉េសម្រាប់ពុទ្ធិព័ត៌មានវិទ្យានៅអាស៊ី (Republic of Korea e-Asia Knowledge Partnership Fund) ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិ វឌ្ឍន៍ទាំងអស់ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់ វណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុង      រយៈពេលវែង។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហរិញ្ញប្បទានសហប្រតិបត្តិការសរុបប្រមាណ ៣,១៩ប៊ីលានដុល្លារអាម៉េរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងរបស់គម្រោង/កម្មវិធីទាំង០៤ ដែលបានចុះហត្ថលេខា ដែលក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុបចំនួ ,៧០ប៊ីលានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៩០លានដុល្លារអាម៉េរិក ដែលបង្ហាញពីការប្តេជ្ញា បន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា គម្រោងទាំង៤រួមមាន កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២,គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២, គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤, និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់ទន្លេមេគង្គជំហានទី២។

កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២គ្រោងចំណាយថវិកាសរុបប្រមាណ៥៣,៥០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៤-២០១៨ និងការព្យាករណ៍តម្រូវការអភិវឌ្ឍន៍វិស័យអប់រំឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលផ្តោតលើកម្មវិធីគោលនយោបាយវិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី២ និងកម្មវិធីវិនិយោគដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ។

ដោយឡែកគម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ៩៧,៧០លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្រុងអាទិភាពចំនួន៣ (ក្រុងស្ទឹងសែន ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាត់ដំបង) តាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ប្រព័ន្ធបណ្តាញលូ និងសាងសង់ទីលានចាក់សំរាម

ចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤ គ្រោងចំណាយថវិកាសរុបប្រមាណ៨៨,៥០លានដុល្លារអាម៉េរិក សម្រាប់ការពង្រីកសេវាសាធារណៈនៅទីប្រជុំជនដែលនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការអភិ    វឌ្ឍក្រុងរបៀងអាទិភាពចំនួន៣ (ក្រុងកំពង់ចាម ក្រចេះ និងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់មេគង្គ) ដោយរួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយបូមទឹកកខ្វក់។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់ទន្លេមេគង្គជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ ៣០,៨៩លានដុល្លារអាម៉េរិក ក្នុងគោលបំណងបង្កើនការទាក់ទាញភ្ញៀវទេសចរក្នុងខេត្តគោលចំនួន០២ (ខេត្តកែប និងខេត្តព្រះសីហនុ) ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន២ ការធ្វើឱ្យប្រសើរឡើងនូវអនាម័យទីក្រុង និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រទេសចរណ៍ ASEAN ឆ្នាំ២០១៦-២០២៥ និងជួយបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងតំបន់តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ឆ្លងដែន និងការធ្វើសមាហរណកម្មរវាង GMS និងASEAN ឱ្យកាន់តែមានភាពស៊ីជម្រៅ៕

ដោយ ទេស ច័ន្ទសុធារី