ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទការងារនិងប្រកាសអ្នកឈ្នះជ័យលាភីប្រកួតភាពយន្តខ្នាតខ្លីនៅថ្ងៃសៅរ៍ខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ សូលីដា៖

ក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយក្រុមភាពយន្តឈូករ័ត្ន ដោយ​មានការជួយឧបត្ថម្ភរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអ៊ែត និងក្រុមហ៊ុន បញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជាមួយចំនួនទៀត នឹងរៀបចំពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី ការប្រកួតប្រជែងភាពយន្តខ្នាតខ្លី រដូវកាលទី២ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នាសាលសន្និសីទចតុមុខ។

ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានឱ្យដឹងថា ការប្រកួតប្រជែងភាពយន្តខ្នាតខ្លីនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះយន្តការដោះស្រាយវិវាទប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សំណុំរឿងវិវាទការងារ ដែលទទួលដោះស្រាយនៅថ្នាក់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅក្នុងឆ្នាំចុងក្រោយនេះ គឺមានតែប្រមាណ៥០សំណុំរឿងប៉ុណ្ណោះ ខណៈដែលក្នុងបណ្តាឆ្នាំមុនៗមានរហូតដល់ជាង៣០០សំណុំរឿង។ ការធ្លាក់ចុះនេះដោយសារកម្មករ និងថៅកែនៅតាមរោងចក្រសហគ្រាស ក៏ដូចជាភាគីពាក់ព័ន្ធមានការយល់ច្បាស់ពីច្បាប់ និងលក្ខខណ្ឌការងារ បូករួមជាមួយអត្ថប្រយោជន៍ផ្សេងៗបានជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត៕