និសិ្សតកម្ពុជាផ្នែកបច្ចេកវិទ្យាចំនួន១៩រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ក្នុងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2018

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ –តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និសិ្សតកម្ពុជាដែលបានបញ្ចប់ ឬកំពុង សិក្សាផ្នែកបច្ចេកវិទ្យាចំនួន១៩រូប ព្រមទាំងអ្នកដឹកនាំ១រូប នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ក្រោមកម្មវិធីបណ្តាញផ្លាស់ ប្តូរសិស្ស និស្សិត​និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែល ហៅកាត់ថាJENESYS 2018 នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា អ្នកចូលរួម នឹងទៅទស្សនកិច្ចសារមន្ទីរនៅទីក្រុងតូក្យូ ជាកន្លែងដែលមានដាក់តាំងបច្ចេកវិទ្យាទំនើបចុងក្រោយ ព្រមទាំងទៅទស្សនកិច្ច ក្រុមហ៊ុនផលិតម្ហូបអាហារ នៅខេត្តស៊ីហ្សឹអុកា ដើម្បីសិក្សាពីដំណើរការនៃសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យានៃប្រទេសជប៉ុន។ ក្រៅពីនេះ ពួកគាត់នឹងមាន ការពិភាក្សាជាមួយនិស្សិតសា កលវិទ្យាល័យនៅប្រទេសជប៉ុន និងៅទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តផ្សេងៗផងដែរ។

ស្ថានទូតជប៉ុនសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកចូលរួម​នឹងអាចយល់ដឹង អំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួន ឱ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រប់មកវិញ។

សូមបញ្ជាក់ថា កម្មវិធី JENESYS 2018 មានគោលបំណងជំរុញការយល់ដឹង និងការ កសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  ដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​  តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២.០០០នាក់ហើយ ចាប់តាំងពីឆ្នាំ២០០៧មក៕

ដោយ អ៊ុន រិទ្ធី