កម្ពុជាគ្រោងបញ្ជូនពលករ៥ពាន់នាក់ទៅធ្វើការនៅប្រទេសគុយវ៉េតនៅឆ្នាំ២០១៩ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោជួនបូណា

ភ្នំពេញ៖កម្ពុជាគ្រោងនឹងបញ្ជូនពលករ៥ពាន់នាក់ទៅធ្វើការនៅប្រទេសគុយវ៉េតនៅឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីមានការចុះអនុស្សសារណះយោគយល់គ្នារវាងប្រទេសទាំងពីរកាលពីពេលកន្លងទៅ ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយនឹង លោកជំទាវ Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងក្រសួងសេដ្ឋកិច្ចប្រទេសគុយវ៉េតនារសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិតអ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា នាឆ្នាំ២០១៩ខាងមុខនេះកម្ពុជានឹងរៀបចំបញ្ជូនពលករលើច្រើនវិស័យដើម្បីចេញទៅបំពេញការងារនៅប្រទេសគុយវ៉េតជាលើកដំបូង ហើយបើសិនមានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលខ្ពស់និងស្របតាមអ្វីដែលពលករកម្ពុជាចង់បាននោះកម្ពុជានឹងបញ្ជូនពលករបន្ថែមទៀតនាឆ្នាំបន្តបន្ទាប់នាពេលខាងមុខ។

ឯកឧត្តមបញ្ជាក់ថា ចំពោះគម្រោងបញ្ជូនពលករកម្ពុជាទៅធ្វើការងារនៅប្រទេសគុយវ៉េតនេះគឺមានច្រើនវិស័យក្នុងនោះរួមមាន ផ្នែកសេវា ឧស្សាហកម្មនិងកសិកម្មជាដើម។
យ៉ាងណាក៏ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគិតគូរយ៉ាងល្អិតល្អន់ ចំពោះលក្ខខណ្ឌការងារ ដោយធានាបានចំពោះសុវត្ថិភាព និងសន្តិសុខរបស់ពលករ។

សំឡេង…..ឯកឧត្តមបានឱ្យដឹងថាចំពោះលក្ខខណ្ឌការងាររបស់ពលករកម្ពុជាត្រូវមាននោះគឺត្រូវមានការបណ្តុះបណ្តាលជាមុននិងពលករត្រូវមានជំនាញ។ក្រៅពីនេះពលករត្រូវស្វែងយល់ពីវិស័យការងារ លក្ខ
ខណ្ឌអាកាសធាតុ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានពលករធ្វើការនៅក្រៅប្រទេសបានកើនឡើងចំនួនជាង១លាន២សែននាក់ ហើយក្នុងចំណោមនេះបាននាំមកនូវចំណូលមកកាន់ប្រទេសវិញប្រមាណជិត២ពាន់លានដុល្លារក្នុងមួយឆ្នាំ៕