សហគមន៍តំបន់ការពារធនធានធម្មជាតិកោដូនតីសុំឱ្យមន្ទីរពាក់ពន្ធ័ពន្លឿនការអភិវឌ្ឍនៅតំបន់តេទឹកពុះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

សហគមន៍តំបន់ធនធានធម្មជាតិកោដូនតី ដែលគ្រប់គ្រងដោយជនជាតិដើមសួយស្នើដល់អាជ្ញាធរនិងអ្នកទទួលសិទ្ឋអភិវឌ្ឍន៍ អេកូទេសចរណ៍ ពន្លឿនការអភិវឌ្ឍនៅតំបន់រមណីយដ្ឋានតេទឹកពុះ ស្ថិតនៅស្រុក ឱរ៉ាល់ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញអ្នកទេសចរឲ្យមកលេងកាន់តែច្រើន។

លោក ស៊ុន ស៊ីម ប្រធានគណៈកម្មការ សហគមន៍តំបន់ធនធានធម្មជាតិ កោដូនតី បានលើកឡើងថា៖ សហគមន៍ជនជាតិដើមសួយស្នើដល់អាជ្ញាធរនិងអ្នកទទួលសិទ្ឋអភិវឌ្ឍន៍អេកូទេសចរណ៍នៅតំបន់តេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជួយពន្លឿនការអភិវឌ្ឍន៍ តំបន់រម្យដ្ឋាតេទឹកពុះតាមកិច្ចសន្យា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្ត ខណៈបច្ចប្បន្នទីតាំងរម្យដ្ឋានតេទឹកពុះនេះនៅខ្វះខាតការកែលំអជាច្រើន។លោកបានបញ្ជាក់ថា៖នៅតំបន់រមណីយដ្ឋានតេទឹកពុះ មានភ្ញៀវទេសចរមកកំសាន្តជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅ អាទិត្យ និងថ្ងៃបុណ្យជាតិ ព្រោះតំបន់នេះមានជំនឿ លើបារមី ម្ចាស់ទឹកម្ចាស់ដី និងលោក យាយតេ នៅតំបន់នោះដែលមានតាំងពីបុរាណកាលមក ។ភ្ញៀវទេសចរមករមណីយដ្ឋាននេះ ដើម្បីកំសាន្តផងនិងមកបន់ស្រន់ សុំសេចក្តីសុខ និងចុះត្រាំទឹកនៅល្អាងតេទឹកពុះ ដែលគេមានជំនឿថាការត្រាំទឹកនៅតំបន់នោះ បានជាជំងឺ រមាស់ កម ខ្វឹន ពិការ ខ្វាក់ ជាដើម។

លោក សៅ សារ៉ន ប្រធានមន្ទីរ ទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា៖ បច្ចុប្បន្ន មន្ទីរបានចុះបណ្តុះបណ្តាលធនធានមនុស្ស នៅតំបន់សក្តានុពលនានានៅក្នុងខេត្ត ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរដែលពាក់ពន្ឋ័ដើម្បីធ្វើការអភិវឌ្ឍ។ តំបន់រមណីយដ្ឋានតេទឹកពុះ ស្ថិតនៅក្នុងភូមិកោដូនតី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មាន ចំងាយប្រវែងប្រមាណ១១០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ។