ក្រសួងបរិស្ថាន បង្កើតដែនជម្រកសត្វព្រៃចំនួន២ទៀត ខេត្តក្រចេះ ទំហំជាង៦២០០០ហិកតារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

ក្រសួងបរិស្ថាន កំពុងរៀបចំ មន្ត្រីជំនាញបរិស្ថាននិងក្រុមឧទ្យាននុរក្សមួយចំនួន ដើម្បីទៅគ្រប់គ្រងដែនជម្រកសត្វព្រៃចំនួន២ គឺស្រុកសំបូរ និងស្រុកប្រែកប្រសព្វខេត្តក្រចេះ ដែលក្រសួងនេះទើបតែបង្កើតថ្មី ។

ការរៀបចំ មន្ត្រីជំនាញផ្នែកការពារបរិស្ថាន និងក្រុមឧទ្យាននុរក្សការពារដែនជម្រកសត្វព្រៃនេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី៥ខែតុលាកន្លងទៅ ក្រសួងបរិស្ថានបានចេញអនុក្រិត្យ ដោយសំរេចបង្កើតដែនជម្រកសត្វព្រៃចំនួន២ជាថ្មីទៀត គឺដែនជម្រកសត្វព្រៃសំបូរ មានទំហំ៥០០៩៣ហិកតារ នៅក្នុងភូមិសាស្ត្រស្រុកសំបូរ និងដែនជម្រកសត្វព្រៃព្រែកប្រសព្វទំហំ១២៧៧០ហិកតារនៅក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះរួចមក។

ឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ថា៖មូលហេតុដែលក្រសួងបរិស្ថាន សំរេចបង្កើតតំបន់ការពារធម្មជាតិ អភិរក្សជីវចម្រុះនិងដែនជម្រកសត្វព្រៃសំបូរ និងព្រែកប្រសព្វនេះ គឺដើម្បីធានាឱ្យមានការថែទាំជម្រកសត្វព្រៃ សត្វស្លាបនិងធនធានធម្មជាតិផ្សេងៗ នៅទីនោះឱ្យបានគង់វង្ស ។ ម្យ៉ាងទៀត ដើម្បីរក្សាលំនឹងបរិស្ថាន ដោយរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុជាដើម។ ឯកឧត្តមបញ្ជាក់ទៀតថា៖នៅក្នុងផ្ទៃដី ទំហំជាង៦២០០០ហិកតារ ក្នុងស្រុកសំបូរនិងស្រុកព្រែកប្រសព្វ គឺជាកន្លែងដែនមានសត្វព្រៃនិងសត្វកម្ររស់នៅ ជាច្រើនប្រភេទ នៅប៉ែកឦសាន របស់ប្រទេស ក៏ប៉ុន្តែឯកឧត្តម មិនអាចបញ្ជាក់អំពីចំនួនច្បាស់លាស់ទេ។

ឯកឧត្តម គ្រាន់តែដឹងថា៖តាមរយៈការចាប់Camera ស្វ័យប្រវត្តិ កន្លងទៅគឺម៉ាស៊ីនថតរូប ដោយខ្លួនឯង បានថតជាប់រូបសត្វ ដូចជាខ្លាឃ្មុំ សត្វដំរី សត្វឈ្លូស សត្វក្ងោក សត្វកេងកង សត្វស្វាក្រវ៉ាត់ និងសត្វកម្រជាច្រើនទៀត។ ក្រសួងបរិស្ថានឱ្យដឹងថា៖បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់ប្រព័ន្ធការពារធម្មជាតិនិងដែនជម្រកសត្វព្រៃ ចំនួន៥២កន្លែង និងរបៀងអភិរក្សជីវចម្រុះចំនួន៣កន្លែង ដែលលាតសន្ធឹងលើផ្ទៃដីការពារសរុបចំនួនជាង៧លាន២សែន៣ម៉ឺនហិកតារ ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្ថលេខា រំសាយចោលនូវដែនជម្រកសត្វព្រៃចំនូន២ គឺដែនជម្រកសត្វព្រៃ ស្នួល ក្នុងខេត្តក្រចេះទំហំ៧៥០០០ហិកតារនិងដែនជម្រកសត្វព្រៃរនាមដូនសំ នៅខេត្តបាត់ដំបង ទំហំជាង៣៩០០០ហិកតារ ដោយសារតែព្រៃទាំង២កន្លែងនោះរិចរិល និងមានការកាប់រានខុសច្បាប់ ធ្វើឱ្យប៉ះពាល់ពាល់និងខូចខាតតំបន់ការពារទាំងពីរ ដោយមិនអាចស្ដារឡើវិញបាន៕