លោក ឈិន សេងងួន ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលត្រូវចេញទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៨ –នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក ឈិន សេងងួន អភិបាលខេត្តស្ដីទី ខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សមកពីសាលាវិទ្យាល័យកែវផុស ដែល ត្រូវចេញទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនរយៈពេលមួយសប្តាហ៍ នាពេលខងមុខនេះ ក្នុងគោលបំណងទស្សនកិច្ចសិក្សាស្ដីពីការការពារគ្រប់គ្រងគ្រោះមហន្តរាយ ដែលមាន ការចូលរួមពីសិស្សានុសិស្សមកពីប្រទេសចំនួន ៤០ប្រទេស នៅលើភិពលលោក។

លោក ឈិន សេងងួន អភិបាលខេត្តស្ដីទី ខេត្តព្រះសីហនុមានប្រសាសន៍សំណេះ សំណាលជាមួយសិស្សានុសិស្ស ព្រមទាំងបានផ្តល់អនុសាសន៍ល្អដល់ក្មួយៗដែលបាន ទៅចូលរួមទស្សនកិច្ចនៅប្រទេសជប៉ុន ស្ដីពីការការពារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើន ការយល់ដឹងបទពិសោធន៍ថ្មីៗបន្ថែមទៀត ជាពិសេសបានប្រាស្រ័យទាក់ទងគ្នារវាងសិស្ស តំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដើម្បីបានសិក្សាឈ្វេងយល់ពីគ្នា និងយកមកផ្សព្វផ្សាយបន្តដល់ មិត្តភក្តិរបស់យើងនៅក្នុងសាលា ឬនៅតាមឃុំ សង្កាត់ ក្រុង ស្រុក បន្ថែមទៀតក្នុងការបង្កើន នូវចំណេះដឹងថ្មីដែលបាន នឹងកំពុងបានវិវឌ្ឍន៍រីក ចម្រើននាពេលបច្ចុប្បន្ននេះ។

ក្នុងកាសនោះ លោក ឈិន សេងងួន ក៏បានឧបត្ថម្ភទឹកប្រាក់ដល់សិស្សា នុសិស្សទាំង០៥នាក់ដែលត្រូវចេញទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននោះ និងលោក គ្រូដឹកនាំមួយរូប ដោយក្នុងម្នាក់ៗទទួលថវិកាចំនួន ៤០០.០០០រៀល៕

ដោយ ងូ សុមុនី