អាជ្ញាធរខេត្តកំពង់ចាមគ្រោងប្រែក្លាយល្អាងភ្នំនៅស្រុកស្ទឹងត្រង់ជាតំបន់ទេសចរណ៍ធម្មជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

អាជ្ញាធរខេត្តកំពង់ចាម គ្រោងប្រែក្លាយល្អាងភ្នំមួយកន្លែងស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា នៅស្រុកស្ទឹងត្រង់ ទៅជាតំបន់ទេសចរណ៍ធម្មជាតិនាពេលអនាគត ដើម្បីទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាកំសាន្ត។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមដែលបានចូលរួមពិនិត្យទីតាំងល្អាងខាងលើបានឲ្យដឹង ថា ល្អាងភ្នំខាងលើ ស្ថិតក្នុងបរិវេណរមណីយដ្ឋាន វត្តគុហាគង្គា ហៅព្រះអង្គគុហ៍។

ជាទីតាំងសម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្តនារដូវបុណ្យទានផ្សេងៗ ជាទីគោរពបូជា របស់ប្រជាពលរដ្ឋគោរពព្រះពុទ្ធសាសនា និងជាកន្លែងបន់ស្រន់សក្តិសិទ្ធិខាងអបិជំនឿផងដែរ។

លោកបន្តថា ពិសេស ល្អាងវត្តព្រះអង្គគុហ៍ គឺស្ថិតក្នុងកញ្ចប់ទេសចរណ៍របស់ខេត្ត តាមបណ្តោយដងទន្លេមេគង្គមាន: រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តភ្នំហាន់ជ័យ , រមណីយដ្ឋានទើបបានបង្កើតថ្មី គឺរមណីយដ្ឋានឬស្សីភ្នំហាន់ជ័យ ( HANCHEY BAMBOO RESORT), រមណីយដ្ឋានវត្តបឹងដែង និងរមណីដ្ឋាននាគខ្មៅ ស្ថិតក្នុងស្រុកស្ទឹងត្រង់ទាំងអស់។

លោកបន្ថែមថា មូលហេតុដែលកន្លងមក«រមណីយដ្ឋានវត្តព្រះអង្គគុហ៍» មិនសូវមានការទាក់ទាញ ភ្ញៀវឲ្យមកលេងកម្សាន្តនោះ គឺដោយសារប្រព័ន្ធផ្លូវថ្នល់មកកាន់តំបន់នេះ មានការលំបាក ។ម៉្យាងមិនសូវមានការផ្សព្វផ្សាយ ពីសក្តានុពលតំបន់ល្អាង នៃរមណីយដ្ឋាននោះប៉ុន្មានផង។ ប៉ុន្តែបច្ចុប្បន្នស្ទើរគ្រប់ផ្នែក ពិសេសប្រព័ន្ធផ្លូវថ្នល់ អាចបើកបររថយន្តចេញចូលដល់ បរិវេណវត្តគុហាគង្គា ខាងមុខល្អាងមួយនេះ បានដោយសុវត្ថិភាព។

លោក ជួន សុផាត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ចាមបានឲ្យដឹងថា តាមការនិយាយដំណាលតគ្នា របស់ប្រវត្តិ« ព្រះអង្គគុហ៍» គឺកាលពី ៧៩ ឆ្នាំមុន ជាព្រះពុទ្ធរូបផ្ទំសង់អំពីឈើ បានអណ្តែតក្នុងទឹកទន្លេមេគង្គ ហើយក៏ត្រូវបានអ្នកនេសាទស្រង់ពីទឹក មកប្រគេនចៅអធិការវត្តនេះ ដែលដើមឡើយឈ្មោះ វត្តដើមជ្រៃ។ ប៉ុន្តែច្រើនឆ្នាំក្រោយ រូបព្រះអង្គនេះបានពុកផុយ ហើយចៅអធិការវត្ត ក៏សម្រេចកសាងព្រះពុទ្ធរូប ដដែលនេះជាថ្មឡើងវិញ ដោយបានតម្កល់ខាងក្នុងល្អាងមកទល់សព្វថ្ងៃ និងដាក់ឈ្មោះ «វត្តគុហាគង្គា ហៅវត្តព្រះអង្គគុហ៍»នេះ។

លោក ហេង ចាន់ណាត ស្មៀនឃុំពាមកោះស្នា បាននិយាយថា រមណីយដ្ឋានវត្តព្រះអង្គគុហ៍ឆ្នាំកន្លងមកភាគច្រើន សម្បូរតែប្រជាពលរដ្ឋរស់នៅជុំវិញទីនោះ ដែលបានស្គាល់ និងដឹងពីប្រវត្តិតៗគ្នា។ ពុំសូវមានភ្ញៀវជាអ្នកចម្ងាយទៅលេងកម្សាន្ត គឺសម្បូរ ក្នុងឳកាសបុណ្យទានម្តងៗ។ ចំណែកអ្នកទៅជាប់មិនដាច់ រាល់ថ្ងៃនោះ ជាអ្នកមានជំនឿ ជឿលើការបន់ស្រន់ នៅក្នុងល្អាងព្រះអង្គគុហ៍ គឺសក្តិសិទ្ធ។ លោក ចាន់ណាត បានបន្តថា ល្អាងខាងលើនេះ លោកនៅមិនទាន់ដឹងពី ទំហំ និងជម្រៅ នៅឡើយទេ គឺគ្រាន់តែដឹងថា មានចម្ងាយប្រហែល ៥៥ គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ដោយមានផ្លូវសម្រាប់ចេញចូលបានស្រួល គឺមិនមានជង្ហុក ក្រហេងក្រហូង ដុំថ្មរដេករដុបលំបាក ដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ៕