សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី ​ជា​មួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ចិន​

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –គណៈ​ប្រតិភូ​ក្រសួង​ការពារជាតិ​កម្ពុជា ​​ដឹក​នាំ​ដោយ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​ និង​មិត្ត​ភាព​នៅ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន បាន​ចូល​ជួប​ពិភាក្សា​ការ​ងារ​ទ្វេ​ភាគី​ជា​មួយ​នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ចិន​ កាលពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០១៨​ នាទី​ក្រុង​ប៉េ​កាំង​។

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ ការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន ​មាន​សន្ទុះ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ​ហើយ​មាន​ការ​វិវត្ត​ក្លាយ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ត​ គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា- ចិន​។

ប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ក៏​បាន​ជម្រាប​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទទួល​បាន​ជោគ​ជ័យ​រួច​មក​ កម្ពុជា​មាន​សន្តិភាព​ និងស្ថិរភាព​យ៉ាង​ល្អ​ប្រសើរ​។ ដោយ​ឡែក ​កង​យោធពល​ខេមរ​ភូមិន្ទ​ត្រូវ​បាន​រៀប​រយ​ ដើម្បី​បន្ត​ចូល​រួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤​ ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ ។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​បាន​បញ្ជាក់​ទៀត​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​កម្ពុជា​-ចិន​ បាន​ដំណើរ​ការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ពេល​កន្លង​មក​។

ឯកឧត្តម​ វៃ ​ហ្វេនហេ ​(WEI FENGHE) បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នៅ​ប្រទេស​ចិន​ និង​ការ​ចូល​រួម​ក្នុង​វេទិកា​សៀង​សាន​លើក​ទី​៨ នៅប្រទេស​ចិន​បានបញ្ជាក់​ឱ្យឃើញ​ថាប្រទេស​កម្ពុជា​គាំទ្រ​ និង​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ព្រឹត្តិការណ៍​ពហុភាគី​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​ប្រទេស​ចិន​។

ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ទំនាក់​ទំនង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចិន ឱ្យកាន់​តែ​ជិត​ស្និទ្ធរីក​ចម្រើន​និង​រឹង​មាំ​។​ ឯកឧត្តម​បាន​សម្តែងការ​ចូល​រួម​អបអរ​សាទរ​ចំពោះ​កម្ពុជា​ ដែល​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​សាកល​ទទួល​បាន​ជោគ​ជ

ឯកឧត្តម​បាន​​សង្កត់​ធ្ងន់​ថា ​ជោគ​ជ័យ​នេះបាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ប្រជាជន​កម្ពុជា​គាំទ្រ ​និង​ជឿ​ជាក់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ផ្តល់​នូវ​សន្តិភាព ​និង​ផល​ប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​។​ ឆ្លៀត​ក្នុង​​ឱកាស​នោះ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​ ក៏​បាន​សម្តែង​ការ​អបអរ​សាទរ​ផង​ដែរ ចំពោះ​ការ​សាង​សង់​វិមាន​ឈ្នះ​-ឈ្នះ និង​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​លើក​ទី​២០ឆ្នាំ ទិវា​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តម​បាន​ចាត់​ទុក​វិមាន​ឈ្នះ​-ឈ្នះ​ ជា​សំណង់​ស្ថាបត្យ​កម្ម​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ថា​ កម្ពុជា​មាន​ការ​ផ្សះ​ផ្សា​ជាតិ ហើយ​ប្រជាពល​រដ្ឋ​​មាន​សាមគ្គី​ជាតិ​តែ​មួយ​។

ដើម្បី​ជំរុញ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​ ក្រសួង​ការ​ពារ​ជាតិ​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ថែម​ទៀត​នោះ​ ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​បាន​បញ្ជាក់​ថា នឹង​បន្ត​ជំរុញ​ការ​រក្សា​ផ្លាស់​ប្ដូរ​ប្រតិភូ​ជាន់​ខ្ពស់​រវាង​កង​ទ័ព​ទាំង​ពីរ​ជា​បន្ត​ទៅ​ទៀត​, បន្ត​ធ្វើ​លំហាត់​នាគ​មាស​ឆ្នាំ២០១៩ ដែល​នឹង​ធ្វើ​នៅ​ខែ​មីនា​ឆ្នាំ​២០១៩ខាង​មុខ​ បន្ត​ជួយ​កសាង​សង់​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ថ្លុក​តា​សេក​ រួម​ទាំង​បន្ត​ជួយ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់ កងយោធពលខេមរភូមិន្ទ។​

ជាមួយគ្នា​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និងឯកឧត្តម វៃ ហ្វេនហេ (WEI FENGHE) រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ កិច្ច​សហប្រតិបត្តិ ការ​រវាង​កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ចិន ផង​ដែរ​៕

ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)