ស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ នឹងរៀបចំពិធីបុណ្យតន្រ្តីអន្តរជាតិលើកទី១៥ ក្រោមប្រធានបទ “តន្រ្តី និងចំណាកស្រុក”

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា រួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតអាល្លឺម៉ង់ នឹងរៀបចំបុណ្យតន្រ្តីអន្តរជាតិលើកទី១៥ ក្រោមប្រធានបទ “តន្រ្តី និងចំណាកស្រុក” ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៨។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កម្មវិធីនៅឆ្នាំ​នេះប្រព្រឹត្តទៅចាប់​ពីថ្ងៃទី០១ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នៅសណ្ឋាគារ Raffles Hotel – Le Royal ដោយពិធីបើកការប្រគំតន្រ្តីនេះ នឹង ប្រារព្ធធ្វើនាថ្ងៃទី០ខែវិច្ឆិកា វេលាម៉ោង៧​យប់។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅស្របគ្នានឹងការ អបអរខួបកំណើតលើកទី១០០​របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំភ្លេងដ៏ល្បីរបស់អាម៉េរិក នៅសតវត្សរ៍ទី ២០ គឺលោក Leonard Bernstein

លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ប្រធានបទ​នៃបុណ្យតន្រ្តី​នេះ សក្តិសមណាស់ទៅនឹងប្រវត្តិរបស់លោក Bernstein និងការរួមចំណែករបស់គាត់ ចំពោះវប្បធម៌អាម៉េរិក ក្នុងនាមជាជនអន្តោប្រវេសន៍ម្នាក់។ ទន្ទឹមនេះ លោក Bernstein, George Gershwin និងតន្រ្តីករដទៃទៀតដែលមានឈ្មោះនៅ ក្នុងពិធីបុណ្យនេះ បានចាកចេញពីប្រទេសរបស់គេ ដើម្បីកសាងជីវិតថ្មីមួយ និងស្វែងរកឱកាសថ្មីៗ។​ លោកបានបន្ដថា ជនអន្តោប្រវេសន៍​ បានរួមចំណែកយ៉ាងច្រើន​ដល់ប្រពៃណីផ្នែកសិល្បៈរបស់ប្រទេសអាម៉េរិក ដោយទាញយកប្រយោជន៍ពីប្រពៃណីរបស់គេផ្ទាល់ និង សង្គមនៅប្រទេសអាម៉េរិក ដែលមានគំនិតច្នៃប្រឌិតថ្មី និងមានភាពរស់រវើក ដើម្បីបង្កើត ស្នាដៃ ដែលល្បីបំផុត ផ្នែកតន្រ្តី នៅជុំវិញពិភពលោក។

លោកឯកអគ្គរដ្ឋទូត បានថ្លែងថា “ការប្រគំតន្រ្តីនេះគឺជាឱកាសដ៏អស្ចារ្យមួយ ដើម្បី​បង្ហាញ ការរួម​ចំណែកទាំងឡាយ ដែល​ពលរដ្ឋអាម៉េរិកមានដើមកំណើតនៅបរទេសបានផ្តល់។ ខ្ញុំសង្ឃឹមថា លោកអ្នករីករាយនឹងការ​សម្តែងដ៏ល្អដែលត្រូវបានរៀបចំឡើងដោយនាយករៀបចំ ពិធីបុណ្យ ​Anton Isselhardt និងក្រុមរបស់លោក

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមាន ប្រសាសន៍ថា ក្នុងចំណោមអ្នកសិល្បៈ  អ្នកនិពន្ធឈ្មោះ អ៊ុង ជិនណារី មានដើមកំណើត នៅ ខេត្តតាកែវ គឺជាអ្នកនិព​ន្ធដ៏មានជោគជ័យ ហើយត្រូវបាន​សាទរជាអន្តរជាតិ ជាមួយ​នឹង​ពានរង្វាន់ល្បីៗ​ជាច្រើន រួមជាមួយនឹងបណ្ឌិត សំ សំអាង អ្នកសិក្សាស្រាវជ្រាវផ្នែកភ្លេង ទាក់ទងនឹងវប្បធម៌ ដែលបានធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងនៅកម្ពុជា ដើម្បីធ្វើការ អភិរក្ស និងបំផុស​សិល្បៈសម្តែងរបស់ខ្មែរ។ លោកជំទាវរដ្ឋមន្រ្តីបានបន្ថែមថា “ខ្ញុំសង្ឃឹមថា លោកអ្នកនឹងរីករាយជាមួយនឹងភាពស្មុគស្មាញ និងភាពសម្បូរបែប​​នៃតន្រ្តី ដែលត្រូវបាន បង្កើតឡើងនៅក្រោមកាលៈទេសៈផ្សេងៗ​នៃការធ្វើអន្តោប្រវេសន៍ ហើយដឹងថាប្រទេស កម្ពុជាស្ថិតក្នុងចំណោមប្រទេសរួមចំណែក​ចំពោះការអភិវឌ្ឍបែប​នេះ

ដោយ អ៊ុន រិទ្ធី