គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ជូនដំណឹងពីការបាញ់កាំជ្រួចក្នុងឱកាសខួបអបអរ​សាទរគ្រងរាជសម្បត្តិព្រះមហាក្សត្រ

វិទ្យុជាតិកម្ពជា៖  អត្ថបទ លោកអ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានជូនដំណឹងដល់មហាជនអំពីការបាញ់​កាំជ្រួចក្នុង​ឱកាស​ខួបអបអរសាទរគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅម៉ោង ១៩ ថ្ងៃទី២៩ ខែតុលាខាងមុខនេះ។

 

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានបញ្ជាក់ថា ការបាញ់កាំជ្រួចនេះ នឹងធ្វើឡើងនៅ​មុខព្រះ​បររាជវាំង រាជធានីភ្នំពេញ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការគ្រងព្រះប​រមរាជសម្បត្តិ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ដូចជាឱ្យប្រជារាស្រ្ត​បានចូលរួមសម្តែង​នូវមនោស​ញ្ចេតនាសប្បាយរីករាយចំពោះ ការគ្រងរាជរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីបានគង់​ជាម្លប់ដ៏​សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិអង្គរ និងប្រជារាស្ត្រខ្មែររបស់ព្រះអង្គ។

 

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ក៏បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់តាំងក្រុម​តន្ត្រី សិល្បៈ បុរាណ សម័យ ដើម្បីសម្ដែងជូនប្រជាពលរដ្ឋទស្សនា កម្សាន្តសប្បាយ នៅតាមទីសាធារណៈ ក្នុងឱ​កាស​នេះ។ ជាមួយគ្នានៅគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ម្ចាស់រោងចក្រ សហគ្រាស និងប្រជារាស្ត្រ ក៏ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដាក់ពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ ព្រមទាំងចងទង់ជាតិ មានបដាពាក្យស្លោកថ្វាយព្រះពរ និងតុបតែងលម្អភ្លើងពណ៌ផងដែរ៕