សម្តេចវិបុលសេនាភក្ដី សាយ ឈុំថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសគ្រងរាជសម្បត្តិគ្រប់១៤ព្រះវស្សា

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយកញ្ញាទុយ សូលីដា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​​ដែលព្រះអង្គ​​គ្រងរាជសម្បត្តិគម្រប់១៤ព្រះវស្សា។

លិខិតថ្វាយព្រះពររបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ នៅថ្ងៃទី២២ ខែតុលា បានបញ្ជាក់ថា សម្តេច និងសមាជិកសមាជិកាព្រឹទ្ធសភាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទនក្រាបបង្គំសម្ដែងថ្វាយនូវអំណរសាទរដោយក្ដីរីករាយឥតឧបមា ព្រមទាំងសូមថ្វាយព្រះរាជសព្វសាធុការពរជ័យបវរសួស្ដីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកត្តញ្ញូកត្តវេទីធម៌ដ៏ស្មោះស្ម័គ្របំផុត ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃការគ្រងព្រះបរមរាជសម្បត្តិគម្រប់១៤ព្រះវស្សា របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។

លិខិតថ្វាយព្រះពរ បានបន្តថា ប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល មានមហាភ័ព្វសំណាងបំផុត ដែលមានព្រះអង្គ ជាព្រះមហាក្សត្រគ្រងព្រះបរមរាជសម្បត្តិប្រកបដោយព្រះរាជទសពិធ រាជធម៌ និងជាព្រះរាជអគ្គមគ្គុទេសក៍ពេញព្រះរាជគតិបណ្ឌិតដ៏ឈ្លាសវៃ។ ក្រោមព្រះរាជកិច្ចដ៏ឧត្តុងឧត្តម និងក្រោមម្លប់ដ៏ត្រជាក់ប្រជំនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសជាតិបាននឹងកំពុងឋិតនៅលើវិថីសន្តិភាព ស្ថិរភាពយូរអង្វែងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងកិត្យានុភាពជាតិ ក៏ត្រូវបានលើកកម្ពស់ និងល្បីល្បាញនៅលើសកលលោក ដែលធ្វើឱ្យប្រជារាស្រ្តរួមរស់ជាមហាគ្រួសារខ្មែរ ក្នុងជីវភាពរីកចម្រើនសម្បូរសប្បាយឥតឈប់ឈរ។

សម្តេចវិបុលសេនាភក្ដី បានបួងសួងសូមឱ្យគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងវត្ថុស័កសិទ្ធទាំងឡាយលើលោក និងទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធដល់មានបារមីនៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រយានីគ្រប់ព្រះអង្គ តាមជួយបីបាច់ថែរក្សា និងប្រទានព្រះពរជ័យសិរីសួស្ដីជ័យមង្គលគ្រប់ប្រការថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូណ៌ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាព្រះបញ្ញាញាណភ្លឺថ្លាដើម្បីគង់ប្រថាប់ជាម្លប់ដ៏សែនត្រជាក់ប្រជុំសុខដុមរមនារបស់ប្រជារាស្រ្តរបស់ព្រះអង្គជានិច្ចនិរន្តតរៀងទៅ៕