ADB ផ្តល់ហិរញ្ញប្បទានជិត២៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖  អត្ថបទដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ហិរញ្ញប្បទានជិត២៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងចំនួន៤ ដែលនឹងរួមចំណែកកាត់បន្ថយភាពក្រីក្រកម្ពុជា។

  កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី សាន់នីយ៉ា ឌូរ៉ានី ចាម៉ាល់(Sunniya Durrani-Jamal) នាយិកាស្ថានតំណាង ADBប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលានេះ។

  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ទឹកប្រាក់ចំនួន៥៣,៥០លានដុល្លារ នឹងត្រូវចំណាយសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី១ ដោយផ្តោតលើការបង្កើនគុណភាពគ្រូបង្រៀន និងគុណភាពអប់រំនៅសាលាមធ្យមសិក្សាទុតិយ និងការកែប្រែវិទ្យាស្ថានជាតិអប់រំឱ្យក្លាយជាកន្លែងបណ្តុះបណ្តាល និងវិក្រឹតការគ្រូទុតិយភូមិទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

  គម្រោងទី២ មានទឹកប្រាក់៩៧,៧០លានដុល្លារ សម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ ប្រព័ន្ធបណ្តាញលូ និងសាងសង់ទីលានចាក់សំរាម នៅក្រុងស្ទឹងសែន ក្រុងសិរីសោភ័ណ្ឌ និងក្រុងបាត់ដំបង ដែលនឹងធ្វើឱ្យប្រសើរឡើងនូវសេវាគ្រប់គ្រងកាកសំណល់រឹង ទឹកកខ្វក់ បណ្តាញលូរំដោះទឹកភ្លៀងក្រុង និងបរិស្ថាន ប្រកបដោយនិរន្តរភាព។

  គម្រោងទី៣ មានទឹកប្រាក់៨៨,៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហាន់ទី៤ តាមរយៈការពង្រីកសេវាសាធារណៈនៅទីប្រជុំជនដែលនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងក្រុងរបៀងក្នុងខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង រួមមាន៖ ការ សាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយបូមទឹកកខ្វក់។

គម្រោងទី៤ មានទឹកប្រាក់៣០,៨៩លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្តកែប និងព្រះសីហនុ តាមរយៈធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន២ ការធ្វើឱ្យប្រសើរឡើងនូវអនាម័យទីក្រុង និងការកសាងសមត្ថភាពគ្រប់គ្រងកំណើនទេសចរណ៍ដោយចីរភាព៕