ក្រសួងទេសចរណ៍៖ កំពុងពិនិត្យជ្រើសរើសបេក្ខភាពបង្គន់អនាម័យស្ដង់ដារចំនួន៥ ដើម្បី ចូលរួមប្រកួតប្រជែងយកជ័យលាភី នៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងបាន និងកំពុងតែពិនិត្យលើបេក្ខភាព បង្គន់អនាម័យ ស្ដង់ដារដែលប្រតិបត្ដិករទេសចរបានដាក់ពាក្យស្នើសុំមកក្រសួង ដើម្បី​ជ្រើសរើស យក បេក្ខភាពចំនួន៥ សម្រាប់ទៅចូលរួមប្រកួតប្រជែងនៅវេទិកាទេសចរណ៍អាស៊ាន២០១៩ ក្នុង ប្រទេសវៀតណាម។

លោក ហួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡង ប្រណាំង នៃអគ្គនាយកដ្ឋានឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹង នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះ ការជ្រើសរើសបេក្ខភាព កំពុងតែពិនិត្យលើលក្ខណៈសម្បត្ដិលើការរៀបចំបង្គន់ស្ដង់ដារអាស៊ានរបស់ប្រតិបត្តិករ ឬម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងកម្សាន្ដនានា នៅតាមរាជធានី ខេត្ដ ដែលបានស្នើសុំចូលរួមប្រកួតប្រជែង។ លោកបានពន្យល់ថា ការកំណត់បង្គន់អនាម័យស្ដង់ ដារអាស៊ាននេះ គឺត្រូវរៀបចំបែងចែក ឱ្យមានបង្គន់បុរស បង្គន់ស្រ្ដី និងដាក់ស្លាកសញ្ញា ត្រឹមត្រូវ ជាពិសេសរៀបចំឱ្យមានបង្គន់សម្រាប់ជនពិការ ដោយដាក់ឱ្យមានជម្រាល និងដាក់ ស្លាកសញ្ញាអក្សរប្រ៊ែល តាមផ្លូវចូលបង្គន់នីមួយៗសម្រាប់ជនពិការ។ ទន្ទឹមនេះ បង្គន់ទាំង មូល ត្រូវរៀបចំឱ្យមានខ្យល់អាកាសចេញ ចូលត្រឹមត្រូវ គ្មានក្លិនស្អុយ ត្រូវដាក់ឱ្យមានកន្លែងបត់ជើងតូច និងកន្លែងបត់ជើងធំ  រៀបចំកន្លែងលាងដៃ មានកញ្ចក់ឆ្លុះ មានសាប៊ូ សម្រាប់ លាងដៃ ព្រមទាំងរៀបចំឱ្យមានបរិស្ថាន អនាម័យស្អាត។

លោកបានបញ្ជាក់ថា ជាយន្ដការរបស់អាស៊ាន នៅឆ្នាំ២០១៩ខាងមុខនេះ តម្រូវឱ្យគ្រប់ ប្រតិបត្តិករទេសចរទាំងអស់ ដែលកំពុងតែរកទទួលទានក្នុងវិស័យទេសចរណ៍ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងកម្សាន្ដនានា ត្រូវរៀបចំ ឬកែលម្អបង្គន់ អនាម័យនៅកន្លែងរបស់ខ្លួនឱ្យមានលក្ខណៈស្ដង់ដារ ស្របតាមសេចក្ដីណែនាំ និងការកំណត់បង្គន់ស្ដង់ដារអាស៊ាន។

លោកបានបន្ដទៀតថា ក្រសួងទេសចរណ៍បានកំណត់ថា គ្រប់ប្រតិបត្តិករទេសចរណ៍ ដែលទទួលបានអាជ្ញាប័ណ្ណ សម្រាប់ធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវទាមទារ ឱ្យធ្វើការ កែលម្អ ឬធ្វើបច្ចុប្បន្នកម្មបង្គន់ អនាម័យដែលមិនទាន់មានស្ដង់ដារ ឱ្យទៅជាបង្គន់ស្ដង់ដារត្រឹមត្រូវ។ទន្ទឹមនេះ កាលពីដើមឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានណែនាំដល់ប្រតិបត្តិករទេសចរ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងកម្សាន្ដនានា ត្រូវរៀបចំ​បង្គន់អនាម័យឱ្យបានត្រឹមត្រូវ និងស្របតាមស្ដង់ដារ ហើយប្រសិន បើក្រសួងពិនិត្យឃើញថា ការរៀប​ចំបង្គន់អនាម័យមិនគោរពតាមស្ដង់ដារទេ ក្រសួងនឹងមិនបន្ដអាជ្ញាប័ណ្ណ សម្រាប់ ប្រកបអាជីវកម្ម​ក្នុង​វិស័យទេសចរណ៍ទៀតទេ។

លោកបានលើកឡើងទៀតថា ប្រសិនបើប្រតិបត្តិករទេសចរទាំងអស់ ចូលរួមអនុវត្ដន៍ នូវ​បង្គន់ស្ដង់ដារសាធារណៈបានត្រឹមត្រូវ គឺបានចូលរួមចំណែកជួយលើកកម្ពស់វិស័យទេស ចរណ៍ និងទាក់ទាញភ្ញៀវ​ទេសចរឱ្យមកកម្សាន្ដនៅកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងត្រូវពិនិត្យជ្រើសរើសបេក្ខភាពបង្គន់សាធារណៈ ពីប្រតិបត្តិករទេសចរចំនួន៥ ដែលបានដាក់ពាក្យស្នើសុំមកពីរាជធានី ខេត្ដក្នុងប្រទេសកម្ពុជា ដើម្បីសុំវិញ្ញា​បនបត្រ និងស្លាកសញ្ញាស្ដង់ដារបង្គន់សាធារណៈអាស៊ានសម្រាប់ឆ្នាំ២០១៩២០២១ ដែលគ្រោង​ប្រកាសជ័យលាភីក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន២០១៩ ដែល ប្រព្រឹត្ដទៅនៅក្នុងប្រទេសវៀតណាម៕

ដោយ អ៊ុន រិទ្ធី