រដ្ឋសភាលើកកម្ពស់សមត្ថភាពការងារ ដល់អ្នកតំណាងរាស្ត្រជាប់ឆ្នោតនីតិកាលទី៦

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភាជាតិគណៈកម្មការនីតិ កម្មនិងយុត្តិធម៌ និងអគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបចំសិក្ខាសាលាស្តីពីកម្មវិធី និងផ្តល់ ព័ត៌មានបឋមសម្រាប់សមាជិកសមាជិកា នីតិកាលទី៦។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាបាន មានប្រសាសន៍ថា កម្មវិធីស្វាគមន៍និងផ្តល់ពត៌មានបឋមសម្រាប់សមាជិកសមាជិកា នីតិកាលទី៦លើកនេះ គឺជាកាសជួបជុំដ៏មានសារៈប្រយោជន៍សម្រាប់ផ្លាស់ប្តូរទៅវិញទៅ មកនូវទស្សនបទពិសោធន៍ និងអនុសាសន៍ល្អៗក្នុងឋានៈជាអ្នកតាក់តែង ច្បាប់ត្រូវបន្តប្រឹងប្រែងកសាងនូវប្រព័ន្ធច្បាប់មួយកាន់តែពេញលេញ។

ការខិតខំតាមគ្រប់មធ្យោបាយ និងលទ្ធភាពចូលរួមបម្រើប្រជាជនក្នុងភាពជា តំណាងដ៏ប្រពៃរបស់ប្រជាជាតិខ្មែរទាំងមូល និងបន្តលើកកម្ពស់វប្បធម៌នៃកិច្ចសន្ទនា ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកពង្រឹងស្ថាប័ននីតិប្បញ្ញាត្តិឱ្យមានភាព រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានបន្តថា ការជំរុញការប្រតិបត្តិច្បាប់ឱ្យបានល្អ ការតាមដានការអនុវត្តរបស់ផ្នែកនីតិប្រតិបត្តិ និងការចូលរួមចំណែកដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋគឺជាការទទួលខុសត្រូវខ្ពស់របស់តំណាងរាស្រ្ត និងស្ថាប័ន នីតិប្បញ្ញាត្តិ។ ក្នុងបទបង្ហាញស្តីពីរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្រមសីលធម៌របស់ តំណាងរាស្រ្ត និងមុខងារទាំងបីរបស់រដ្ឋសភាដែល លើកឡើងដោយឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានឱ្យដឹងថា ស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជារួមមាន រដ្ឋសភា ព្រឹទ្ធសភា។ រដ្ឋសភាជា អង្គការដែលមាន អំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចបានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសភា ធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថ លេខាលើព្រះរាជក្រមប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញគឺជា ច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ រដ្ឋសភាអនុវត្តតួនាទី និងភារកិច្ចមានដូចជា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋសភា។

ឯកឧត្តមបានបន្តទៀតថា ទោះបីមានរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាច្បាប់ស្តីពី លក្ខន្តិកៈតំណាងរាស្រ្ត និងច្បាប់ពាក់ព័ន្ធជាធរមានក៏ដោយ ក៏ក្នុងក្របខណ្ឌនៃការប្រតិបត្តិការ សិទ្ធិសេរីភាព និងការបំពេញតួនាទីភារកិច្ចក្នុងនីតិកាលរបស់ខ្លួនតំណាងរាស្រ្តត្រូវ ប្រកាន់ខ្ជាប់នូវសីលធម៌ស្អាតស្អំ មនសិការ និងកិត្តិយស ដើម្បីលើកកម្ពស់ទំនុក ចិត្តគណនេយ្យភាព និងការជឿជាក់លើសមាជិករដ្ឋសភា ដែលជាអង្គការកំពូលរបស់ ប្រទេសជាតិ។រដ្ឋសភាមានភារកិច្ចស្នូលសំខាន់ចំនួនបី គឺការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់និងបំពេញការងារក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះក៏មានការធ្វើបទបង្ហាញផងដែរអំពីតួនាទីរបសគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម នៃរដ្ឋសភា និងអត្ថប្រយោជន៍ព្រមទាំងរបប បត្ថម្ភផ្សេងៗរបស់តំណាងរាស្រ្តកិច្ចការអន្តរជាតិ និងការងារការទូតសភា បទបង្ហាញ ស្តីពីតួនាទីភារកិច្ចសមត្ថកិច្ចរបស់សមាគមសមាជិកសភាដើម្បីប្រជារាស្រ្តនិងការអភិវឌ្ឍ។ តួនាទីនិងភារកិច្ចរបស់អគ្គលេខា ធិការដ្ឋានរដ្ឋសភា យន្តការនិងសេវាគាំទ្ររបស់អង្គភាព នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា៕

ដោយ ប៉ាល់ សុង