ប្រធានសហព័ន្ធវាយសី៖ ការឈ្នះមេដាយមាសពីព្រឹត្តិការណ៍យុវជនអូឡាំពិក គឺជាការលើក​ទឹកចិត្ត​ដល់យុវជនដទៃឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធ កីឡាវាយសីកម្ពុជា បានចាត់ទុកថា ការឈ្នះមេដាយ​មាស ​ដែលកីឡាករវ័យក្មេង វ៉ាត់ វណ្ណធន​ប្រជែងដណ្តើម បានពីការ ប្រកួត កីឡាអូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីនលើវិញ្ញាសាប្រកួតចម្រុះជាតិសាសន៍ ស្ថិតនៅក្នុងក្រុមអាល់ហ្វា ដែលមាន៨នាក់មកពី៨ប្រទេសនោះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងការជំរុញលើកទឹក ចិត្តដល់អត្តពលិកកីឡាករ កីឡាការិនីវ័យក្មេងផ្សេងៗទៀតរបស់កម្ពុជា​ឱ្យបន្តខិតខំប្រែងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឈានឆ្ពោះទៅដណ្តើមមេដាយពីការ ប្រកួតលើឆាកអន្តរជាតិមកជូនកម្ពុជា នៅពេលខាងមុខ។

ប្រធានសហព័ន្ធវាយសីបានថ្លែងលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់រង្វាន់លើកទឹកដល់កីឡាករ វ៉ាត់ វណ្ណធន គ្រូបង្វឹក និងនាយបេសកម្ម នៅគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា មេដាយមាស កម្រិតពិភពលោកនេះ ទោះបីជាមេដាយមិនបានដាក់ទៅ ក្នុងតារាងផ្លូវការរបស់កីឡាអូឡាំពិកយុវជនពិភពលោកលើកទី៣នេះក្តី ប៉ុន្តែវាជាមេដាយកម្រិតពិភពលោកមួយ ដែលសហព័ន្ធកីឡាវាយសីអន្តរជាតិរៀបចំឱ្យ មានក្នុងព្រឹត្តិការណ៍ ប្រកួតដោយកីឡាករម្នាក់ប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពទើបប្រជែងបានមេដាយបាន។

ឯកឧត្ដមបានអះអាងថា តាមរយៈសមិទ្ធផលនេះនឹងជួយបណ្តុះឆន្ទៈបន្ថែមដល់កីឡាករកីឡា ការិនីថ្នាលដទៃៗទៀតដើម្បីពង្រឹងគុណភាពបច្ចេកទេស ឈានទៅរៀបចំទទួលធ្វើ ជាម្ចាស់ ផ្ទះស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ផងដែរ។ ចំពោះប្រាក់រង្វាន់លើកទឹកចិត្ត ដែលសហព័ន្ធកីឡាវាយសីកម្ពុជាផ្តល់ជូនកីឡាករ វ៉ាត់ វណ្ណធន ដែលប្រជែងបានមេដាយមាសនេះមានទឹកប្រាក់ចំនួន៣លានរៀ, គ្រូបង្វឹក ២លានរៀល និងនាយបេសកម្ម ទទួលបានទឹក ប្រាក់ ១លានរៀល។

គួរបញ្ជាក់ថា សម្រាប់មេដាយមាសជាក្រុមចម្រុះជាតិសាសន៍ ដែលកីឡាករ វណ្ណធន បានរួមប្រកួត ដណ្ដើមបាននេះ គឺមិនស្ថិតក្នុងតារាងមេដាយផ្លូវការនោះទេ ព្រោះកម្មវិធីប្រកួត នេះ ផ្ដើមចេញពីការរៀបចំ ដោយឡែករបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ សហការជា មួយសហព័ន្ធកីឡាវាយសីអន្ដរជាតិដើម្បីផ្ដល់ឱកាសឱ្យយុវជនជុំវិញពិភពលោកបានប្រកួត ប្រជែងផ្លាស់ប្ដូរវប្បធម៌ និងបទពិសោធន៍គ្នាទៅវិញទៅមក។ ប៉ុន្តែវិញ្ញាសាប្រកួតចម្រុះជាតិ សាសន៍នេះមានកីឡាករ-កីឡាការិនីចំនួន៦៤ប្រទេសបានចូលរួមប្រជែងមេដាយ៕

ដោយ ហេង ណាលីន