ក្រុមយុវជនបាទី និងក្រុមវិសាខាត្រូវប្រកួតមិត្តភាពជាមួយ Fukushima U18 ដើម្បីអបអរខួបទី៦៥ឆ្នាំ រវាងកម្ពុជា-ជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ –សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការថាសហព័ន្ធនឹងរៀបចំការប្រកួតមិត្តភាព អន្តរជាតិចំនួន២ប្រកួតជាមួយក្រុមយុវជនជប៉ុន ដើម្បីអបអរសាទរដល់ទំនាក់ទំនងការទូត លើកទី៦៥ឆ្នាំ រវាងព្រះរាជាណាក្រកម្ពុជា និងជប៉ុន ដែលគ្រោងនឹងប្រកួតនាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ នៅកីឡដ្ឋានជាតិ។

សេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជម្រាបជូនដល់មហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ថា សហព័ន្ធបាល់ទាត់កម្ពុជាសហ ការជាមួយក្លិបកីឡាបាល់ទាត់Fukushima អាយុក្រោម១៨ឆ្នាំនៃប្រទេសជប៉ុន នឹងរៀបចំការ ប្រកួតចំនួន២ប្រកួត ដែលក្រុមយុវជនជប៉ុននឹងត្រូវប្រកួតជាមួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី វេលាម៉ោង៥ ល្ងាច នៅពហុកីឡដ្ឋានជាតិ និង១ប្រកួត ទៀតជាមួយក្រុមវិសាខា នាថ្ងៃទីខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៥ល្ងាចដដែល។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមឱ្យទស្សនិកជន និងប្រព័ន្ធផ្សព្វផ្សាយចូលរួមទស្សនា និងផ្សព្វផ្សាយ ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តសម្រាប់ការប្រកួតនេះ ក្នុងគោលដៅចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ ទាត់នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អ ប្រសើរ ឡើងបន្ថែមទៀត៕

ដោយ ហេង ណាលីន