រដ្ឋសភាបង្ហាញពីតួនាទី និងភារកិច្ចដល់សមាជិកថ្មីដែលទើបជាប់ឆ្នោតជាតំណាងរាស្ត្រ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ រដ្ឋសភាបង្ហាញពីតួនាទី និងភារកិច្ចដល់សមាជិកថ្មីដែលទើបជាប់ឆ្នោតជាតំណាងរាស្ត្រ បន្ទាប់ពីទំហំ ការងារ របស់រដ្ឋសភាសម្រាប់នីតិកាលទី៦នេះ ត្រូវបានបង្កើនដើម្បី ឆ្លើយតបតាមសេចក្តីប្រាថ្នា របស់ ប្រជាពលរដ្ឋ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្តល់ព័ត៌មានបឋម សម្រាប់សមាជិក-សមាជិការដ្ឋសភា នីតិកាលទី៦ ដែលធ្វើនៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៤ ខែតុលានេះ ឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានពន្យល់ថា សមាជិកសភាទាំងអស់ ត្រូវតែយល់ដឹងឱ្យបានច្បាស់នូវច្បាប់ស្តីពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ក្រមសីលធម៌របស់តំណាងរាស្ត្រ និងមុខងារទាំងបីរបស់រដ្ឋសភា។

ឯកឧត្តម បានបញ្ជាក់ថា ភារកិច្ចស្នូលសំខាន់របស់រដ្ឋសភា គឺមានការងារបង្កើតច្បាប់និងអនុម័តច្បាប់ និងផ្តល់សច្ចាប័នដែលស្នើឡើងដោយរាជរដ្ឋាភិបាល ការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងការបំពេញការងារក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះរយៈពេល៣ខែធ្វើការងារនៅក្នុងរដ្ឋសភា និង៣ខែទៀត ចុះមូលដ្ឋាន ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយការងារជូនប្រជាពលរដ្ឋ។

ដូចគ្នានេះ ឯកឧត្តម នឹម ច័ន្ទតារា ប្រធានស្តីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា មានប្រសាសន៍ថា សមាជិកសភាគ្រប់រូប ក៏ត្រូវដឹង និងយល់ឱ្យបានច្បាស់ពីកិច្ចការទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិ ព្រមទាំងច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ ដែលកម្ពុជាបានចូលជារដ្ឋភាគីផងដែរ។

បើតាមឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរដ្ឋសភារៀបចំបញ្ជ្រៀបចំណេះដឹងដល់សមាជិករដ្ឋសភា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦នេះ មានសមាជិកថ្មីដែលមិនធ្លាប់ចូលរួម និងបទពិសោធន៍ជាអ្នកតំណាងរាស្ត្រ ដែលទទួលបានអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិពីរដ្ឋសភាឡើងដល់ចំនួន៥៣រូប។

សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៦នេះ មានសមាជិកសរុប១២៥រូប ដោយសមាជិកទាំងនោះ ត្រូវបានផ្តល់តួនាទី និងភារកិច្ច ដើម្បីអនុវត្តការងារបម្រើប្រជាពលរដ្ឋ  ទៅតាមការបែងចែករបស់គណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា៕