ជំហររបស់អាម៉េរិក , រុស្ស៊ី ស្តីពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — ប្រធានាធិបតិអាម៉េរិកលោក ដូណាល់ ត្រាំ ( Donald Trump ) កាលពីថ្ងៃសៅរ៍ បានប្រកាសពីចេតនា របស់លោក ដើម្បីដកប្រទេសរបស់លោកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ( INF ) ដែលមានអាយុកាលជាច្រើនទសវត្សរ៍ ពីព្រោះប្រទេសរុស្ស៊ីបានរំលោភលើកិច្ចព្រមព្រៀងនេះ ។

ក្រសួងការបរទេសរុស្ស៊ី និងរដ្ឋឌូម៉ា(សភាជាន់ទាបនៃសភាសហព័ន្ធ ) បានរិះគន់រៀងៗខ្លួន កាលពីថ្ងៃអាទិត្យ ដោយបរិហារការចោទប្រកាន់បែបនេះ នឹងប្តេជ្ញាឆ្លើយតបដោយយោធា , មធ្យោបាយបច្ចេកវិទ្យា និងដទៃទៀត ដែលចាំបាច់ប្រសិនបើក្រុងវ៉ាស៊ីងតោន ទទូចដកខ្លួនចេញដោយគ្មានប្រណី ។

សន្ធិសញ្ញា INF ដែលជាផ្លូវការ ជាសន្ធិសញ្ញារវាង ស.រ.អា និង សហភាព សាធារណរដ្ឋសង្គមនិយមសូវៀត ស្តីពីការលុបបំបាត់មីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនេះ គឺជាកិច្ចព្រមព្រៀងត្រួតត្រាគ្រឿងសញ្វវុធមួយ ដែលបានចុះហត្ថលេខកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ១៩៨៧ ដោយប្រធានាធិបតិអាម៉េរិក ពេលនោះ គឺលោក រ៉ូណាល់ រីហ្គាន ( Ronald Reagan ) និងអគ្គលេខាធិការ USSR ពេលនោះគឺ លោក មីខែល ហ្គ័បាឆេវ ( Mikhail Gorbachev ) ក្នុងក្រុងវ៉ាស៊ីងតោន ។

ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិ រដ្ឋឌូម៉ា លោក ឡេអូនីដ ស្លូតស្គី ( LeONID Slutsky ) បាននិយាយពីថ្ងៃអាទិត្យនេះថា កិច្ចព្រមព្រៀងនេះកត់សម្គាល់ឱ្យឃើញនូវ កតិកាសញ្ញាមិនធ្លាប់មានជាលើកដំបូង ដែលបានសម្រេចឡើងដោយក្រុងវ៉ាស៊ីងតោន​និងក្រុងមូស្គូ ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នឹងជាជំហានទៅមុខយ៉ាងសំខាន់មួយក្នុងការរឹតបន្តឹងការរត់ប្រណាំងគ្រឿងសព្វាវុធ ។ តែយ៉ាងណាក៏ដោយ ការដកខ្លួន​ចេញរបស់ក្រុងវ៉ាស៊ីងតោន​និងដាក់ពិភពលោកទាំងមូលឱ្យស្ថិតនៅក្នុងវិបត្តិត្រួតត្រាគ្រឿងសញ្វ វុធមួយ ។

សន្ធិសញ្ញាយ៉ាងសំខាន់នេះ ដែលបានចូលជាធរមានក្នុងឆ្នាំ ១៩៨៨ នោះបានតម្រូវដល់ប្រទេសទាំងពីរឱ្យលុបបំបាត់មីស៊ីលគ្រូស និងផ្លោងដែលបាញ់ចេញពីដី ក្នុងរង្វង់ពេល៣ឆ្នាំ ព្រមទាំងមិនឱ្យធ្វើតេស្ត , ដាក់ពង្រាយឬ មានអាវុធទាំងនេះ ក្នុងពេលអនាគត ។

កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើមីស៊ីលរយៈខ្លី( ៥០០ គីឡូម៉ែត្រទៅ ១.០០០ គីឡូម៉ែត្រ)និងមីស៊ីលរយៈចម្ងាយមធ្យម (១.០០០ គីឡូម៉ែត្រ ទៅ ៥.៥០០ គីឡូម៉ែត្រ ) ដែលរួមមានទាំងមីស៊ីលធម្មតា និងក្បាលនុយក្លេអ៊ែរ ក៏ដូចជាជើងទម្របាញ់ដែលមានមូលដ្ឋាននៅលើដីផង ។ ដើម្បីធានាដល់ការអនុវត្តសន្ធិសញ្ញានេះភាគីទាំងពីរ ត្រូវបានគេអនុញ្ញាតឱ្យធ្វើការត្រួតពិនិត្យមើល នៅនឹងកន្លែង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )