កូរ៉េខាងត្បូងអនុម័តយល់ព្រមលើសេចក្តីប្រកាសក្រុងព្យុងយ៉ាង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារនេះ បានអនុម័តយល់ព្រមលើសេចក្តីប្រកាសក្រុងព្យុងយ៉ាង ដែលត្រូវបានចុះហត្ថលេខាងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងក្រុងព្យុងយ៉ាង កាលពីខែកញ្ញា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា -អ៊ីន ( Moon Jae-in ) និងលោក គីម ជុង អ៊ុន ( Kim Jong un ) មេ ដឹកនាំកំពូលកូរ៉េខាងជើង ។


សេចក្តីប្រកាសក្រុងព្យុងយ៉ាងនេះត្រូវបានគេធ្វើការពិភាក្សាគ្នានិងបានអនុម័តយល់ ព្រមក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលធ្វើជាប្រធានដោយប្រធានាធិបតី មូន ដែលនឹងចុះហត្ថលេខា ព្រមទាំងឱ្យ សច្ចាប័នសេចក្តីប្រកាសនេះ ។

នៅក្រោមសេចក្តីប្រកាសក្រុងព្យុងយ៉ាង ភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់នូវទំនាក់ទំនងអរិភាពនឹងគ្នា, បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នា ព្រមទាំងធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ ។
គណៈរដ្ឋមន្តី្រក៏បានអនុម័តយល់ព្រមផងដែរកិច្ចព្រមព្រៀងយោធាដ៏ទូលំទូលាយ ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខការពារប្រទេសរបស់កូរ៉េទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង ។
នៅក្រោមកិច្ចព្រមព្រៀងយោធានេះ កូរ៉េទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់រាល់សកម្មអមិត្តទាំងអស់នៅក្នុងតំបន់ព្រំដែនតាមរយៈការបង្កើតតំបន់ទ្រនាប់មួយនៅតាមបណ្តោយព្រំដែន ដែលប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនោះ ។

ការអនុម័តយល់ព្រមនេះកើតឡើងនៅពេលដែលក្រសួងនីតិកម្មរដ្ឋាភិបាលបានសម្រេច ដែលគេបានចោទប្រកាន់ថា សេចក្តីប្រកាសក្រុងព្យុងយ៉ាង មិនតម្រូវឱ្យមានការឱ្យសច្ចាប័នសភាមួយនោះ ។
លោក មូន បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ទំនាក់ទំនងអន្តរកូរ៉េ ដែលបានធ្វើឱ្យល្អប្រសើរ ព្រមទាំងភាពតានតឹងយោធាដែលមានភាពធូរស្រាលនោះ អាចជំរុញដល់ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរទាំងស្រុងកាន់តែងាយស្រួល ។

លោកបានកត់សម្គាល់ថា ការឱ្យសច្ចាប័ននេះនឹងជួយការពារអាយុជីវិតប្រជាជន ព្រមទាំងធានានូវសុវត្ថិភាពដោយឡែក នឹងកម្ចាត់នូវកត្តាគ្រោះថ្នាក់នៅលើឧបទ្វីប ហើយជាយថាហេតុមាន​ផលប្រយោជន៍សេដ្ឋកិច្ចកូរ៉េខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)