ចិនសម្តែងកង្វល់ចំពោះនាវាចម្បាំងអាម៉េរិកដែលបើកឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ — ប្រទេសចិនបាននិយាយពីថ្ងៃអង្គារថា ខ្លួនបានសម្តែងនូវកង្វល់ចំពោះស.រ.អា បន្ទាប់ពីនាវាចម្បាំង ២គ្រឿងរបស់អាម៉េរិក បានបើកឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់នោះ។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហួ ជុនយីង ( Hua Chunying ) បានធ្វើអត្ថាធិប្បាយនេះ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ។ លោកស្រី ហួ បាននិយាយថា ចិនបានតាមមើលយ៉ាងដិតដល់ការឆ្លងកាត់នាវាចម្បាំងអាម៉េរិកតាមច្រកសមុទ្រតៃវ៉ាន់នេះ ព្រមទាំងបានត្រួតពិនិត្យមើលនូវដំណើរការនេះទាំងមូល ។

លោកស្រីបាននិយាយថា បញ្ហាតៃវ៉ាន់មានជាប់ទាក់ទងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសចិននឹងជាបញ្ហាដែលសំខាន់ និងពិបាកដោះស្រាយបំផុតនៅក្នុងទំនាក់ទំនងចិន- ស.រ.អា ។ លោកស្រីបាននិយាយថា យើងទទូចដល់​ស.រ.អា គោរពឱ្យបានហ្មត់ចត់សេចក្តីថ្លែងការណ៍រួម ចិន-ស.រ.អា ចំនួន៣ ព្រមទាំងដោះស្រាយឱ្យបានត្រឹមត្រូវបញ្ហាដែលទាក់ទងដល់តៃវ៉ាន់ ដើម្បីបញ្ជៀសកុំឱ្យទំនាក់ទំនងទ្វេភាគី មានការខូចខាតក៏ដូចជាសន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )