ព្រឹទ្ធសភា ស្នើឲ្យក្រសួងចំនួន៣ ពន្លឿនការងារ និងធ្វើកំណែទម្រង់ការងាររបស់ខ្លួនឡើងវិញ ក្នុងអាណាត្ដិថ្មី

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកជួនបូណា
ភ្នំពេញ៖ព្រឹទ្ធសភា បានស្នើឲ្យក្រសួងចំនួន៣ ពន្លឿនការងារ និងធ្វើកំណែទម្រង់ការងាររបស់ខ្លួនឡើវិញ ដើម្បីអោយស្របតាមគោលនយោបាយយុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាលក្នុងអាណាត្ដិថ្មី នីតិកាលទី៦។

ក្នុងពីធីបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាថ្ងៃទី២៤ ខែតុលា នេះ ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្រសួងចំនួន៣ដែលព្រឹទ្ធសភាស្នើពន្លឿនការងារ និងធ្វើកំណែទម្រង់​ការងារ​របស់ខ្លួន​ក្នុងអាណាត្ដិថ្មីនេះរួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ឯឧ.បានបញ្ជាក់ថា ការសម្រេចអោយក្រសួងទំាងនេះធ្វើកំណែទម្រង់ការងារឡើងវិញនេះ បន្ទាប់​គណៈ​​កម្មការ​ជំនាញ​ទាំង១០ ក្រុមភូមិភាគទាំង៨ និងសមាជិការព្រឹទ្ធសភា បានចុះតាមវិស័យរបស់សមាជិកនីមួយៗ ដែលទទួលបាននូវ​​ព័ត៌​មាន​ពី​​មូលដ្ឋានជាច្រើនពីប្រជាពលរដ្ឋដែលស្នើសុំ ឲ្យក្រសួងទំាងបីផ្តល់សេវាសាធា​​រណៈឲ្យកាន់​​ទូលំទូលាយ​ជាមុនក្នុងអាណាត្ដិថ្មីនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជននៅទូទាំងប្រទេស។

ឯកឧត្ដមបានបន្ដថា ការស្នើឲ្យក្រសួងមហាផ្ទៃ គឺបន្ថែមការធ្វើអត្ដសញ្ញាណប័ណ្ណ ការសាងសង់អគារពន្ធធានាគារ និងជំរុញ​​ការបង្រ្កាប និងទប់ស្កាត់ការផលិតគ្រឿងញៀនអោយកាន់តែខ្លាំងក្លាបន្ថែមទៀត ។ឯកឧត្ដមបានបន្ដទៀតថា ការស្នើក្រសួងសុខាភិបាល គឺពង្រឹងទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ដើម្បីការឆ្លងជំងឺអេដស៍មានថយចុះ និងការ​​ស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺបើកវគ្គបណ្ដុះបណ្ដាលនៅថ្នាក់ក្រោមជាតិ ដើម្បីអោយស្មៀន និងជំនួការស្មៀន​​បានយល់ដឹងអំពីធ្វើផែនការចំណូលចំណាយ និងផែនការអភិវឌ្ឍន៍មូលដ្ឋានដែលស្ថិត​​ក្រោមជាតិនេះអោយកាន់តែល្អ ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធតាមសូមណូមពររបស់ប្រជាពរដ្ឋ និងរាជរដ្ឋាភិបាល។

ឯកឧត្ដមបានបញ្ជាក់ថា ការស្នើសុំនឹងអោយក្រសួងទាំង៣នេះ អនុវត្ដនោះ ក្រោយពីព្រឹទ្ធសភាអនុម័ត​​របាយការណ៍​រួចហើយ នឹងដាក់ជូនទៅតាមក្រសួងពាក់ព័ន្ធ ជាពិសេសដាក់ជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីអោយបានជ្រាប និងឆ្លើយ​តបតាមសំណើរបស់ព្រឹទ្ធសភា៕