សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជាៈ ដោយលោកចេម​ហួត

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន​ជ្រាប​​ថា៖ នាថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣រូប។

សម័យប្រជុំលើកទី២នេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភារយៈពេលបីខែនេះ  ថ្នាក់ដឹកនាំ   គណៈកម្មា- ធិការអចិន្រ្តៃយ៍ គណៈកម្មការនានា  ក្រុមសមាជិកាព្រឹទ្ធសភា ក្រុមភូមិភាគ និងក្រុមនានា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក ដើម្បីរៀបចំរបៀបវារៈ និងកំណត់កាលបរិច្ឆេទប្រជុំព្រឹទ្ធ​សភាជាវិសាមញ្ញ និងបើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤។

ព្រឹទ្ធសភាបានប្រជុំវិសាមញ្ញចំនួន១លើក ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៣ករណី ធ្វើ​​លិខិត​អន្ត​រាគ​ម​ន៍ទៅ​ក្រសួង

ស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយចំនួន ៥ករណី ទទួលលិ​ខិតឆ្លើយតបពីការ​ដោះស្រា​យ

ពាក្យបណ្តឹង​​ចំនួន ២ករ​ណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន ២ករណី ទទួល​ឯក​​សារជូន​ជ្រាបពីក្រសួងស្ថាប័នពាក់​​ព័ន្ធ​ចម្លងជូនព្រឹទ្ធសភាចំ​នួន ១៩ករណី  ឆ្លើយតបទៅម្ចាស់បណ្តឹង​អំពីចំណាត់ការរបស់​គណៈកម្មការ​ចំនួន ២ករណី ព្រមទាំងធ្វើលិខិតរំលឹកជំរុញការដោះស្រាយពាក្យបណ្តឹងបានចំនួន ២ករណី។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនានា បានអញ្ជើញចុះឈ្វេងយល់អំពីវឌ្ឍនភាព   ព្រមទាំងផ្តល់ និងស្រាវជ្រាវប្រមូលព័ត៌មានអំពី បញ្ហាប្រ​ឈ​ម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១០លើក នៅខេត្តព្រៃវែង តាកែវ កំពត កែប ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន ឧត្តរ-មានជ័យ សៀមរាប និងរាជធានីភ្នំពេញ។ ក្រៅពីនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពល​រដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅ​តាមបណ្តារាជធានី ខេត្ត និងសម្ពោធអណ្តូងទឹកស្អាតចំនួន២កន្លែង នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពី ពង្រឹងភាពជាតំណាងរបស់សមាជិកាព្រឹទ្ធសភា និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ (ភូមិភាគទី៣ ខេត្តកណ្តាល)។

នៅក្នុងការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា  បានអញ្ជើញចូល​រួមមហាសន្និបាត កិច្ចប្រជុំអន្តរជា​តិ ​​វេទិ​កា​  និងទស្សនកិច្ចផ្លូវការនា​នាចំនួន ១១លើក។

នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់  តាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋាភិបាល បាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជននៅទូទាំងប្រទេស។

ព្រឹទ្ធសភា សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែល រាជរដ្ឋាភិបាលខិតខំសម្រេចបានដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេស ការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៦ នៃរដ្ឋសភា។

ព្រឹទ្ធសភា​ សូមសម្តែងនូវការដឹងគុណ​យ៉ាង​ជ្រា​ល​ជ្រៅ ចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់

មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ​ជាពិសេស​ការចូលរួមវិភាគទានដ៏ថ្លៃថ្លាពីប្រទេសជាមិត្ត និងដៃគូនានា ដែល​ញុំាង​​​ឱ្យ​ព្រឹទ្ធ​ស​​​​ភា​ដំណើរការទៅមុខដោយរលូន និងល្អប្រពៃ ៕