អាជ្ញាធរខេត្តព្រៃវែង ដាក់តាំងបង្ហាញទូកងវែងជាងគេបំផុត​ នៅទីប្រជុំជនអតីតកំពង់ចម្លងអ្នកលឿង

ដោយ​ លោក​ ហោ​ សេងគ្រី​​៖

ទូក ងវែងជាងគេបំផុត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង រៀបចំធ្វើពីធីក្រុងពាលី ដាក់តាំងបង្ហាញ នៅព្រឹកថ្ងៃទី២៣តុលា នេះ នៅចំណុចអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងភូមិ៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែងដើម្បីត្រៀមសម្រាប់អោយមន្រ្តីជំនាញ របស់អង្គការកំណត់ត្រាពិភពលោក ដែលហៅកាត់ថា គីណេស មកត្រួតពិនិត្យវាយតម្លៃ នៅថ្ងៃទី១២វិច្ឆិកាខាងមុខនេះ។

​ អាជ្ញាធរខេត្តព្រៃវែង បានអោយដឹងថា ការដាក់តាំងបង្ហាញទូកងដែលវែងជាងគេបំផុតក្នុងលោកនេះ គឺដើម្បីអោយប្រជាពលរដ្ឋបានឃើញ និងទស្សនានូវសមិទ្ធិផលដ៏អស្ចារ្យជាប្រវត្តិសាស្រ្តមួយនេះផង និងរៀបចំត្រៀមសម្រាប់អោយមន្រ្តីជំនាញ របស់អង្គការកំណត់ត្រាពិភពលោក ដែលហៅកាត់ថា គីណេស មកត្រួតពិនិត្យវាយតម្លៃ នៅថ្ងៃទី១២វិច្ឆិកាខាងមុខនេះផង ។បើសិនជា ទូក ងវែងជាងគេបំផុតក្នុងលោក១នេះ អាចបំបែកឯកគ្គទ្ទកម្មពិភពលោកបាន គីណេស នឹងប្រគល់ពានរង្វាន់អោយនៅថ្ងៃ១២វិច្ឆិកាខាងមុខនេះតែម្តង។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទូកងវែងជាងគេបំផុតក្នុងលោកនេះ ត្រូវបាននាំយកមកដល់មាត់ទន្លេ ទីប្រជុំជនអ្នកលឿង គឺវាបានទាក់ទាញចំណាប់អារម្មណ៌ប្រជាពលរដ្ឋជាខ្លាំង ហើយគេរំពឹងថានិងមានអ្នកមកចូលរួមទស្សនាទូកងនេះយ៉ាងច្រើនបំផុត ជាពិសេសនៅថ្ងៃដែលមន្រ្តីជំនាញ គីណេស ចុះមកវាយតម្លៃនោះ។

​ គួរបញ្ជាក់ផងដែរថា ទូកងវែងជាគេបំផុតក្នុងលោកនេះ ត្រូវបានផ្តួចផ្តើមកសាងឡើងដោយ​ ឯកឧត្តម​ ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និង​ឯកឧត្តម​ ជា សុមេធី អភិបាលខេត្តព្រៃវែង ដោយបានចាប់ផ្តើមកសាងឡើងកាលពីចុងខែមេសាឆ្នាំ២០១៨ និងបានធ្វើរួចរាល់ជាស្ថាពរនៅពាក់កណ្តាលខែតុលានេះ ទូក ងនេះធ្វើឡើងពីឈើគគីរធំៗចំនួន៣ដើមកន្លះ មានបណ្តោយប្រវែង៨៧ម៉ែត្រ ទទឹងប្រមាណជិត២ម៉ែត្រ និងផ្ទុកចំណុះមនុស្សបានចំនួន១៧៩នាក់៕