ក្រុមរាហ៊ូ ឈ្នះម្ចាស់ជើងឯកពានរង្វាន់យុវជនស្រឡាញ់សន្តិភាព រដូវកាល២០១៨

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –ក្រុមបាល់ទាត់រាហ៊ូបានក្លាយជាម្ចាស់ដំណែងជើងឯក ពានរង្វាន់យុវជនសន្តិភាព លើកទី១ រដូវកាល២០១៨ ក្រោយពីបានយកឈ្នះក្រុម Internat FC នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រវគ្គ ប៉េណាល់ទី៦ បន្ទាប់ពីមានលទ្ធផលស្មើគ្នាត្រឹម៩០នាទី១ នៅទីលានសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

នៅនៅវគ្គទី១ ក្រុម Internat FC បានបើកការនាំមុខ ១ទល់០ ប៉ុន្តែនៅវគ្គទី២ ក្រុមរាហ៊ូ តាមបានស្មើគ្នាវិញ ហើយនៅការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី គឺក្រុមក្រុមរាហ៊ូធ្វើសម្រេចយកឈ្នះ ដែលឡើងមកគ្រប់គ្រងម្ចាស់ដំណែងជើងឯក ខណៈក្រុម Internat FC បាន ត្រឹមរងជើងឯក។ ចំពោះ១ប្រកួតទៀត ដែលដណ្តើមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ឥន្ទ្រីខ្មៅ ដឹកនាំដោយលោក ឃុន ភិរម្យ បានយកឈ្នះលើគូប្រកួតរបស់ខ្លួនក្រុម DEAREST ដោយលទ្ធផល៦ទល់១។ សម្រាប់ក្រុម Wechem FC ក្លាយជាក្រុម Fair-Play ស្របពេលដែលអ្នកចាំទីល្អបានទៅលើកីឡាករ ឈួយ ឆវន្ត និងកីឡាករ វី ទិត្យារ៉ាម៉ិញ ក្លាយជាកីឡាករទាត់ បាល់បញ្ចូលទីច្រើនជាងគេ និងក្លាយជាកីឡាករ ដែលល្អជាងគេ ក្នុងពានរង្វាន់យុវជនស្រឡាញ់សន្តិភាព រដូវកាលទី១នេះ។

 

ក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ទទួលបានពានរង្វាន់១ និងជ័យលាភីផ្សេងទៀត ទទួលបានប្រាក់ រង្វាន់លើកទឹកចិត្តតាមចំណាត់ថ្នាក់នីមួយៗផងដែរ។

ឯកឧត្តម ជុំ កុសល ប្រធានកិត្តិយសសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងជាស្ថាបនិកនៃព្រឹត្តិ ការណ៍ កីឡាបាល់ទាត់នេះបានមានប្រសាសន៍ថា គោលបំណងចម្បងនៃការប្រកួតនេះ គឺត្រូវបានធ្វើឡើងដើម្បីបំផុស ស្មារតីដល់យុវជននានាឱ្យចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសគឺបានផ្តល់ ឱកាសដល់យុវជនចូលរួមក្នុងកីឡា ដោយយកពេលវេលាក្រៅពីទំនេរពីការសិក្សាមកលេងកីឡាបញ្ចៀសពីអំពើអបាយមុខផ្សេងៗ។ ឯកឧត្តមបន្តថា បច្ចុប្បន្នវិស័យកីឡានានាកំពុងរីកចម្រើនយ៉ាងខ្លាំង ដូច្នេះសម្ព័ន្ធ យុវជនស្រឡាញ់សន្តិភាពមានឆន្ទៈចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងគោលដៅរួមគ្នារបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ៕

ដោយ ហេង ណាលីន