សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាដាក់គោលដៅបណ្តុះធនធានថ្នាលគឺជាផែនការចម្បង ដែលត្រូវធ្វើមុនគេ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាត្រូវបានរៀបចំឱ្យមានដំណើរការជាផ្លូវការឡើងវិញ ដោយ បានដាក់ចេញគោលដៅបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីថ្នាល គឺជាផែនការ ចម្បងមុនគេ ក្រោយពីស្ថាបនិកសំខាន់ជាច្រើនរូបមានស្ថាបនាសហព័ន្ធជំនាញមួយនេះ ឱ្យ រស់ឡើងវិញ។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានមានប្រសាសន៍ថា គោល ដៅចម្បងទី១ នៃការចាប់ផ្តើមនេះ សំខាន់បំផុតគឺការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី និងទី២គឺការរៀបចំព្រឹត្តិការណ៍ប្រកួតនានាឱ្យបានច្រើន ដើម្បីបំផុស និងបង្កើនគុណ ភាពបច្ចេកទេសរបស់អត្តពលិកឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបានបន្ដថា នៅក្នុងសម័យទំនើបនាពេលបច្ចុប្បន្ននេះ កីឡាគុនចម្រុះបានកំពុងពេញនិយមខ្លាំងនៅលើពិភពលោក ហើយនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក៏កំពុងតែខិតខំរៀបចំឱ្យមានសកម្មភាព ឱ្យបាន ច្រើនផងដែរ។ ដូច្នេះ កីឡាកីឡាគុនចម្រុះនេះគឺជាគោលដៅនៃការអភិវឌ្ឍកីឡាផង និងការកម្សាន្តផង ដោយមានការរៀបចំ ព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ និងមានការអញ្ជើញអត្តពលិកលើ ប្រភេទកីឡាក្បាច់គុនទូទៅមកពីបណ្តាប្រទេសនានា ហើយកាលណាកីឡាគុនចម្រុះនេះ ក្លាយជាកីឡាកម្សាន្ត ពេលនោះវានឹងក្លាយជាលក្ខណៈពាណិជ្ជកម្មទៀតផង។

ជាមួយគ្នានេះ បន្ទាប់ពីទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួង អប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ឱ្យសហព័ន្ធមានដំណើរការល្អទំាងផ្នែករដ្ឋបាល និងបច្ចេកទេស តាមរយៈការរៀបចំសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី នៅព្រឹកថ្ងៃអង្គារ៍ទី ២៣ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

គួរបញ្ជាក់ថា សមាសភាពថ្មី៩រូបក្នុងដំណែងគណៈកម្មការប្រតិបត្តិ រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន ជាប្រធានអមដោយអនុប្រធាន២រូប ឯកឧត្តម ម៉ក់ សំអុល និងលោក កែប៊ិន សូរស្មី, លោក ហ៊ុន ចាន់រាជ្រ អគ្គលេខាធិការ, អ្នកស្រី ឈិន រីយ៉ា  អគ្គលេខាធិការរង, លោក អន សុវឌ្ឍីយ៉ា អគ្គហេរញឹក, កញ្ញា សាំង សុខសេរី អគ្គហេរញឹករង, លោក ធន់ សកល និងលោក គង់ ចាន់ធីណា ជាសមាជិក៕

ដោយ ហេង ណាលីន