អាជ្ញាធរខេត្តបាត់ដំបង រៀបចំប្រណាំងទូក ង នៅដងស្ទឹងសង្កែ

AKP បាត់ដំបង ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ –រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មវិធីបុណ្យអុំទូកចេញវស្សានៅដងស្ទឹងសង្កែ ក្រុងបាត់ ដំបង ដើម្បីបម្រើការកម្សាន្តសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង និងក្រៅខេត្ត ជាពិសេសចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដែលតែងតែ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ ពិធីនេះ ធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ នេះបើ យោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្ដបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ខេត្តបាត់ដំបង បានដំណើរ ការអុំទូកនេះឡើងមានរយៈពេល ១៥ឆ្នាំមកហើយ ដែលមានការចូលរួមយ៉ាងកុះករពី ប្រជា ពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត និងភ្លៀវអន្តរជាតិសរុបប្រមាណ២០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។ ឯកឧត្តមបានបន្ដថា សម្រាប់ឆ្នាំនេះមានទូកង៣០គ្រឿង ដែលលើសឆ្នាំមុន៦គ្រឿង និង មានទូក ង មកពីប្រទេសថៃចំនួន២គ្រឿងទៀត បានចូលរួមប្រកួតជាលក្ខណមិត្តភាព​។  

ជាមួយគ្នានេះ សម្រាប់ទូកដែលចូលរួមប្រឡងប្រណាំងឆ្នាំនេះ ចែកចេញជាប្រភេទទូកខ្នាតអន្តរជាតិចំណុះ១០ ទៅ២២នាក់ ទូកប្រពៃណីខ្នាតខ្លីចំណុះ២២នាក់ និង ទូកប្រពៃណី ខ្នាតវែងចំណុះ៤៩ ទៅ៦៩នាក់ក្រៅពីនេះ រដ្ឋបាល ខេត្តក៏មានរៀបចំកម្មវិធីប្រគុំតន្រ្តី ការតាំងពិព័រណ៍ពាណិជ្ជកម្ម បង្ហោះគោម និងបង្ហោះឆត្រយន្ត និងបាញ់កាំជ្រួចនៅពេលរាត្រី ផងដែរ ។

ឯកឧត្តមអភិបាលខេត្ដបានបន្ដថា ដើម្បីធានាសន្តិសុខ បម្រើឱ្យការកម្សាន្តរបស់ប្រជា ពលរដ្ឋក្នុងកម្មវិធីបុណ្យប្រព្រឹត្តទៅបានល្អ គណៈបញ្ជាការឯកភាពខេត្តបាត់ដំបងបាន ដាក់ កម្លាំងការពារជិត.០០០ នាក់ដើម្បីឈរជើងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង ពិធីបុណ្យអុំទូកនៅតាមដឹងស្ទឹងសង្កែ នេះ៕

ដោយ ណយ នឿន រូបថត៖រដ្ឋបាលខេត្ដ