អភិបាលខេត្ដកំពង់ចាម៖ មន្ត្រីគ្រប់ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត

AKP កំពង់ចាម ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –មន្ត្រីគ្រប់ស្ថាប័នជំនាញទាំងអស់ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ​យកចិត្តទុកដាក់ ក្នុងការបម្រើសេវា​សាធារណៈ​ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរថែម ទៀត ឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋភិបាល ក្នុងណត្តិទី៦នេះ។ នេះជាការលើក ឡើងរបស់​ ​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ក្នុងឱកាសអញ្ជើញជា​គណៈ​អធិបតី ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងកែសម្រួលតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលរៀបចំដោយសាខាពន្ធដារ ខេត្តកំពង់ចាម កាលពីថ្ងៃចន្ទ ១៣កើតខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅសាខាពន្ធដាខេត្តកំពង់ចាម។

ឯកឧត្ដម គួច ចំរើនអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា បានកំណត់ និងការប្ដេជ្ញាចិត្តច្បាស់លាស់ ទៅលើការយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ  ទន្ទឹមនេះ មន្ត្រីទាំងអស់ ត្រូវខិតខំកែលម្អខ្លួនប្រាណ និងប្ដេជ្ញាចិត្ត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ឱ្យបានល្អប្រសើរ ថែមទៀត ដែលជាការឆ្លើយតបទៅនឹងការគាំទ្រ របស់ម្ចាស់ឆ្នោត ចំពោះ រាជរដ្ឋាភិបាល។  ឯកឧត្ដម​អភិបាលខេត្ត​ បាន​លើកឡើងថា កិច្ចប្រជុំនេះទាក់ទងទៅនឹងកិច្ច ខិតខំ ក្នុងការកៀងគរប្រភពប្រចំណូល សម្រាប់បង្កើនការអភិវឌ្ឍ នៅក្នុងខេត្តកំពង់ចាម ដោយអនុវត្ត​ទៅ​តាម​ច្បាប់ដែលបានកំណត់ និងការបម្រើសេវាសាធារណៈ

ឯកឧត្តមបានបន្ដថា ទាក់ទងទៅនឹង កិច្ចការកៀរគរប្រភពប្រចំណូលដើម្បីធ្វើ ការអភិវឌ្ឍ ក្នុងខេត្តគឺទាក់ទិនទៅនឹងបញ្ហាអត្រាតម្លៃ ក៏ជាបញ្ហា ដែលត្រូវធ្វើការប្ដេជ្ញាចិត្ត បើទោះបីវាជាការកៀរគរប្រភពចំណូលសម្រាប់យកមកធ្វើការអភិវឌ្ឍ។ ការប្រមូលពន្ធ គ្រប់ប្រភេទវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មិនបានដឹងនោះឯកឧត្តមអភិបាលខេត្ដបានណែនាំថា អាជ្ញាធរជាចាំបាច់ត្រូវខិតខំធ្វើ ការពន្យល់ និងការកាត់បន្ថយនូវការយកលុយក្រៅតម្លៃសេវា ដែលធ្វើឱ្យអ្នកបង់ពន្ធ កាន់តែ មានបន្ទុកខ្ពស់ ពោលគឺការបង់ពន្ធលើសពីអត្រាពន្ធ ដែលច្បាប់បានកំណត់ ហើយធ្វើឱ្យ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់និងមានសតិអារម្មណ៍ ចំពោះអង្គភាព និងអាជ្ញាធរ។

ឯកឧត្តមបានបន្ថែមថា ដើម្បីធានាបានទៅដល់ការកៀរគររកប្រភពចំណូលជូនរដ្ឋ និងការធានាទៅដល់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ​ផងនោះ ចាំបាច់អាជ្ញាធរមូលដ្ឋាននីមួយៗ ត្រូវតែដឹងអំពីអត្រា នៃការបង់ពន្ធ ឱ្យបានច្បាស់លាស់ ដោយខ្លួនឯង។ ក្រៅពីនោះ បន្ទាប់ពីការឯកភាព ក្នុងកិច្ចប្រជុំនេះទៅ អភិបាលក្រុង ស្រុក នីមួយៗ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់មេឃុំ ចៅសង្កាត់ ស្មៀន និងមេភូមិ ដើម្បីឱ្យពួកគាត់បានដឹងអំពីអត្រាតម្លៃដី នៅតាមភូមិសាស្ត្រ និងតំបន់នីមួយៗ ជាមុន ហើយ មានមូលដ្ឋានក្នុងការពន្យល់ដល់ប្រជាពលរដ្ឋដើម្បីពួកគាត់បានចូលរួមបង់ពន្ធ ទៅតាមកាតព្វ កិច្ច ដូចអ្វីដែលច្បាប់បានកំណត់នោះ។

ឯកឧត្ដម​អភិបាលខេត្ត​ បាន​ជំរុញដល់មន្ត្រីគ្រប់ស្ថាប័នជំនាញទាំងអស់ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ​យកចិត្តទុកដាក់ក្នុងការបម្រើសេវា​សាធារណៈ​ ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរថែមទៀត ឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋភិបាល ដែលជាការឆ្លើយតបទៅនឹងការគាំទ្ររបស់ម្ចាស់ឆ្នោតចំពោះរាជរដ្ឋាភិបាល៕

ដោយឆាយ ម៉ុត