អាជ្ញាធរខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងរៀបចំវេទិការសារធារណៈ​ជាមួយ​ប្រជាពលរដ្ឋ

AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –លោកជំទាវ ដោក សុទ្ធា  ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំខេត្ត និង ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធអង្គភាពនានា​ជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅសាលាស្រុកបរិបណ៍  ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីឈ្វេងយល់​អំពី​ជីវភាពរស់នៅ និងបញ្ហាប្រឈមនានា នៅក្នុងមូល ដ្ឋាន ពិធីនេះ បានធ្វើឡើង នៅថ្ងៃច័ន្ទ  ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ខែតុលា ឆ្នាំ២០១៨  

លោកជំទាវ ដោក សុទ្ធា បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព​នយោបាយ និងមានការអភិវឌ្ឍលើ គ្រប់វិស័យ។ លោកជំទាវបានបន្តថា ប្រមុខរាជរដ្ឋា​ភិបាល​នាពេលបច្ចុប្បន្នបាន និងកំពុងយក ចិត្តទុកដាក់ក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀនគ្រប់កម្រិត វត្តអារាម ប្រព័ន្ធធារាសាស្ត្រ សំណង់អគារខ្ពស់ៗ ដែលកត្តា ទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋ កាន់តែ​មានជីវភាព​ធូរធារ  ស្របតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល

លោកជំទាវបានថ្លែងអំណរគុណដល់​​ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួម សាមគ្គីគ្នាថែរក្សានូវសុខសន្តិភាព​ និងសូម​បន្ត​ថែរក្សា​នូវអ្វីៗដែលជាសមិទ្ធផល​មាន​សព្វថ្ងៃនេះ ​គឺជា​មោទនភាពរបស់​រាជរដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ​ហ៊ុន សែន ដែលផ្ដល់ភាព​សុខសាន្ត និងការអភិវឌ្ឍ​​ បន្តការកសាងផ្លូវ​ ស្ពាន​ សាលា​រៀន​ អគ្គិសនី​ និងវិស័យជាច្រើន​បន្ថែមទៀត។

លោកជំទាវបានក្រើនរម្លឹកដល់អាជ្ញារគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍នយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដើម្បីឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការបញ្ជេញមតិយោបល់ បង្ហាញពី ការ ពិតដែលធ្លាប់ កើតមាន និងនៅតែកើតឡើងនៅក្នុងភូមិឃុំក្នុងមូលដ្ឋាន ។ ប៉ុន្តែអ្វីដែល សំខាន់នោះទោះបីមានការចូលរួមពី ប្រជាពលរដ្ឋក៏ដោយ បើសមត្ថកិច្ច ពិសេសនគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ចផ្សេងទៀតមិនបាន យកចិត្តទុកដាក់លើភារកិច្ច របស់ខ្លួននិងគ្មានការពង្រឹង សមត្ថភាពក៏ដូចជាការទទួលខុសត្រូវទេនោះ ការអនុវត្តនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រាកដ ជាមិនទទួលបានលទ្ធផលល្អឡើយ៕

ដោយ បៃ ស៊ីថុន