កូរ៉េទាំងពីរ និងUNC គ្រោងនឹងធ្វើកិច្ចចរចាស្តីពីការហូតអាវុធ នៅក្នុងតំបន់សន្តិសុខរួមគ្នា(JSA)

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការពារជាតិក្រុងសេអ៊ូលបាននិយាយថា កូរ៉េទាំងពីរ និងទីបញ្ជាការអ.ស.ប ដែលដឹកនាំដោយអាម៉េរិក នឹងធ្វើកិច្ចប្រជុំលើកទី២ នៃកិច្ចចរចាកម្រិតការងាររបស់ពួកគេ នៅថ្ងៃ​ចន្ទនេះ អំពីការដកហូតអាវុធនៅតំបន់សន្តិសុខរួមគ្នា(JSA) នៅក្នុងតំបន់ដែលគ្មានកងទ័ព​(DMZ) ។


កិច្ចចរចាត្រីភាគី គឺបានគ្រោងធ្វើនៅ « វិមានសរីភាព »ជាអគារមួយដែលគ្រប់គ្រង​ដោយកូរ៉េខាងត្បូង នៅភូមិសន្តិភាព ប៉ានមុនហ្សូម ខាងក្នុងតំបន់ដែលគ្មានកងទ័ព នៅម៉ោង ១០:០០នាទី ព្រឹកនេះ។

កូរ៉េទាំងពីរ បានព្រមព្រៀងគ្នា​ក្នុងការដកអាវុធ​នៅ JSA ស្ថិតនៅក្រោមកិច្ចព្រមព្រៀង​យោធា​ដែលបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីររបស់ពួកគេ ក្នុង​អំឡុងពេលកិច្ចប្រជុំកំពូលលើកទី៣ រវាងប្រធានាធិបតីលោក មូន ចេ-អ៊ិន និងមេដឹក​នាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន នៅទីក្រុង ព្យុងយ៉ាងកាលពីខែកន្លងទៅ។ UNC ក្រៅប្រទេស គឺធ្វើសកម្មភាពនានានៅខាងក្នុង DMZនេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយ​ថា កិច្ចប្រជុំទាំងនេះគឺមាន​បំណង​​ក្នុងការ​ត្រួត​ពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃតម្រូវការកិច្ចសហប្រតិបត្តិការនានា នៅ JSA និងការពិគ្រោះយោបល់ទៅលើគម្រោងសម្រាប់ការដកហូតអាវុធ និងឆ្មាំយាម​ ព្រមទាំង​ការវាយតម្លៃលើបុគ្គលិកឆ្មាំទាំងនោះ ជាពិសេស ផែនការនានានាពេលអនាគត សម្រាប់​ការផ្ទៀង​ផ្ទាត់រួមគ្នា​។ កូរ៉េទាំងពីរ បានបញ្ចប់ការងារបោសសម្អាតមីនរយៈពេល២០ថ្ងៃរបស់ពួកគេ កាលពី​សប្តាហ៍​កន្លងទៅនេះដែរ ដើម្បីជួយសម្របសម្រួលការដកហូតអាវុធនៅ JSA៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )