កូរ៉េទាំងពីរគ្រោងនឹងធ្វើកិច្ចចរចាស្តីអំពីកិច្ចសហប្រតិបត្តិការផ្នែកព្រៃឈើ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — កូរ៉េទាំងពីរគ្រោងនឹងធ្វើកិច្ចចរចានាថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាពីការប្រយុទ្ធប្រឆាំងនឹង​មេរោគ ព្រៃឈើ ខណៈធ្វើជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការបង្កើតកិច្ច​សហប្រតិ​បត្តិការ​គ្នាខាងផ្នែក ព្រៃឈើរបស់ពួកគេ។

កិច្ចចរចានេះ នឹងត្រូវធ្វើឡើងនៅឯការិយាល័យទំនាក់ទំនងរួមគ្នារបស់ពួកគេក្នុងទីក្រុង​ព្រំដែន Kaesong ​ របស់ប្រទេសកូរ៉េខាងជើង នៅវេលាម៉ោង១០:០០ព្រឹកនេះ។ ទាំងនេះ ជាការកត់សម្គាល់នៃប្រជុំជាបន្តបន្ទាប់ជាលើកដំបូង​ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការគ្នា បន្ទាប់ពី​កិច្ចចរចាកម្រិតកំពូលមួយកាលពី សប្តាហ៍កន្លងទៅរបស់កូរ៉េទាំងពីរ។

គណៈប្រតិភូរបស់កូរ៉េខាងត្បូង នឹងត្រូវដឹកនាំដោយលោក​ ប៉ាក់ ចុង-ហូ អនុរដ្ឋមន្រ្តី​នៃសេវាកម្ម ព្រៃឈើកូរ៉េ។ សមភាគីកូរ៉េខាងជើងរបស់លោក នឹងត្រូវដឹកនាំដោយលោក គីម សុង-ជុន​ ជាមន្រ្តីជាន់ខ្ពស់មួយរបស់ក្រសួងការពារបរិស្ថាន​របស់កូរ៉េខាងជើង។

ពួកគេបានគ្រោងនឹងពិភាក្សាគ្នាពីរបៀបរបបនៃការធ្វើកិច្ចសហប្រតិបត្តិការនៅក្នុង​ត្រួត​ពិនិត្យ​មេរោគព្រៃឈើ​ ដោយរួមមានទាំងសត្វល្អិតនានានៅតាមដើមឈើ និងការ​បណ្តុះ​កូនឈើតាមបែបទំនើបជាដើម។

នៅក្នុងសេចក្តីសង្ខេបមួយ បន្ទាប់ពីកិច្ចចរចាកម្រិតកំពូល​ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម​ជាតិ លោក ចូ មីយ៉ុង-ជីអ៊ុន បានហៅបញ្ហាសត្វល្អិតនៅតាដើមឈើ ជារឿងដ៏បន្ទាន់បំផុត​សម្រាប់ប្រទេសកូរ៉េខាងជើង។

កាលពីខែសីហាកន្លងទៅ កូរ៉េទាំងពីរបានធ្វើការត្រួតពិនិត្យមើលនៅទីវាលរួមគ្នា​មួយ នៅលើតំបន់នៅក្បែរ Mount Kumgang នៅឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង ដើម្បី​សិក្សា​ពីផលប៉ះពាល់ ដែលបានកើតឡើងដោយសារមេរោគនៅតាមដើមឈើនេះ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកទី៣របស់ពួកគេ កាលពីខែកញ្ញាកន្លងទៅ ប្រធានា​ធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានព្រម​ព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកបរិស្ថានយ៉ាងសកម្ម នឹងធ្វើឱ្យសម្រេចបាននូវ​លទ្ធផល​ប្រកបដោយនិរន្តរភាព នៅក្នុងផ្នែកកិច្ចសហប្រតិបត្តិការព្រៃឈើដែលកំពុងបន្ត​ធ្វើ​នេះ​របស់ពួកគេ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )