វៀតណាមដាក់ចេញគំនិតផ្តួចផ្តើមក្នុងការជំរុញ កិច្ចសហប្រតិបត្តិការការពារជាតិថ្នាក់តំបន់

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — គណៈប្រតិភូវៀតណាមដឹកនាំរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Ngo Xuan Lich បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១២ (ADMM) និងកិច្ចប្រជុំ ADMM Plus លើកទី ៥ នៅសិង្ហបុរីចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែតុលា។

ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង ១០ និងបណ្តាប្រទេសជាដៃគូ រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ជប៉ុន ចិន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និង នូវែលសេឡង់ផងដែរ។

បណ្តារដ្ឋមន្រ្តីការពារជាតិបានឈានដល់ការព្រមព្រៀងគ្នាលើការជំរុញការជឿទុកចិត្ត ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងការប្រឆាំងនឹងអំពើភេរវកម្ម និងការប្រឈមសន្តិសុខដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ក្នុងនាមជាសមាជិកសកម្មរបស់ ADMM និង ADMM Plus វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីកសាងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា។

យោងតាមឧត្តមសេនីយ៍ Vu Chien Thang ប្រធាននាយកដ្ឋានទំនាក់ទំនងក្រៅប្រទេសនៃក្រសួងការពារជាតិបានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីទាំងអស់បានពិភាក្សាគ្នាអំពីការប្រឆាំងភេរវកម្ម វិធានការកសាងទំនុកចិត្ត បញ្ហាសន្តិសុខមិនមែនប្រពៃណី ឧក្រិដ្ឋកម្មឆ្លងដែន ជំនួយមនុស្សធម៌ ការស្វែងរក និងការជួយ សង្គ្រោះបញ្ហាចោរសមុទ្រ។ ពួកគេបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព សុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍ ព្រមទាំងសេរីភាព ក៏ដូចជាភាពចាំបាច់ក្នុងការពង្រឹងទំនុកចិត្តការអនុវត្តដោយខ្លួនឯង ក្នុងការទប់ស្កាត់សកម្មភាពដែលធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងការដោះស្រាយជម្លោះដោយមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )