អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក៖ កម្ពុជាគឺជាប្រទេសមួយដែលអនុវត្តន៍ជោគជ័យ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជ កម្មពិភពលោក បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជា ប្រទេសមួយ ដែលបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តន៍ដោយជោគជ័យ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅក្នុងពិភពលោក។ នេះបើតាមការឱ្យដឹងរបស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា ក្រោយជំនួបទ្វេភាគីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និង ឯកឧត្តម រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក កាពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងខណៈដែលសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅ ចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ

ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះគឺមិនមែនជាលើកចុងក្រោយនោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហការវាងកម្ពុជាជាមួយនឹអង្គការពាណិជ្ជកម្មពិភពលោក នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ពិសេសសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសដទៃទៀត រួមទាំង WTOផងដែរ។ សម្តេចតេជោបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ សម្តេចសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។ សម្តេចតេជោបានគូសបញ្ជាក់ថា កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌWTO ហើយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពីWTO។ សម្តេចតេជោ​ បន្ថែមថា កន្លងមកកម្ពុជាបានបើកស្ថានបេសកកម្មរបស់ខ្លួនប្រចាំនៅWTO បើទោះបីជាខ្លួនស្ថិតក្នុងសេដ្ឋកិច្ចមួយដែលមានភាពទន់ខ្សោយក៏ពិតមែន តែកម្ពុជាជម្នះក្នុងការដាក់ឱ្យមាន ស្ថានឯកអគ្គរាជទូតពាណិជ្ជកម្មនៅហ្សឺណែវ ដើម្បីជួយសម្រួលការងាររវាងកម្ពុជា ជាមួយនឹWTO ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានចាត់ទុកថា កម្ពុជាមាន លក្ខណៈសកម្មរបស់ខ្លួន ពោលក្នុងរយៈពេល១៤ឆ្នាំ កន្លងមក ថ្វីត្បិតបើប្រៀប ធៀបជាមួយប្រទេសដទៃទៀតនោះ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាប្រទេសទី១ ដែលបានចាត់តាំងឱ្យមានតំណាងអចិន្រៃ្តយ៍ពាណិជ្ជកម្មរបស់ខ្លួនប្រចាំ WTO។ ឯកឧត្តមក៏បានអះអាងថា សម្តេចតេជោគឺជាអ្នកដឹកនាំមួយរូប ដែលមានភាពឈ្លាវៃ ពីព្រោះថា WTO គឺជាស្ថាប័នមួយដែលផ្តល់នូវការគាំទ្រនូវស្មារតីនិងជំនួយជាច្រើនដល់សមាជិក របស់ខ្លួន ដែលខុសពីប្រទេសដទៃទៀតមិនបានធ្វើការចាប់អារម្មណ៍យកចិត្តទុកដាក់។ ឯកឧត្តម ក៏បានកោតសរសើរដល់កម្ពុជាផងដែរ ក្នុងការដើរតួនាទីនៃការកសាងស្ពានសម្រាប់ប្រទេសផ្សេងទៀត ពិសេសការឈ្វេងយល់ពីប្រព័ន្ធរបស់ WTO

ជាមួយគ្នានេះដែរ បច្ចុប្បន្នកម្ពុជាមិនមែនស្ថិតនៅក្រៅប្រព័ន្ធនោះទេ ពោលគឺកម្ពុជាស្ថិតនៅក្នុងប្រព័ន្ធនៃ WTO ដែលកម្ពុជាបានឈ្វេងយល់និងចាប់យកឱកាសបានច្រើន។ ដោយសាភាពវៃឆ្លាតរបស់កម្ពុជានេះហើយ បានជាកម្ពុជាចាប់យកនូវជំនួយបច្ចេកទេសពី WTO ដែលចំណាយទៅលើការជួយដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧.៧លានដុល្លារអាម៉េរិក ចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយ នៃការកសាងសមត្ថភាពមន្រ្តីមានចំនួនរហូតដល់៤១១នាក់ ជាមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការបណ្តុះបណ្តាលនៅគ្រប់សកម្មភាពរបស់ WTO

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមអគ្គនាយក WTO បានធ្វើការពិភាក្សា គ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនឹងសង្រ្គាមពាណិជ្ជកម្ម ពិភពលោក ពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងកើនឡើងកំដៅ ផងដែរ៕

ដោយ ជឹម ណារី