ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យមានកិច្ចសហការគ្នាលើបញ្ហាសិទ្ធិមនុស្ស ជាមួយឧត្តមស្នង​ការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា​បា​ន​ស្នើឱ្យមានកិច្ចសហការលើបញ្ហា សិទ្ធមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹង​កម្ពុ​ជា​ ដើម្បីធ្វើយ៉ាងណាឱ្យមានការយល់គ្នាបានកាន់តែច្បាស់មុននឹងការវាយតម្លៃ​ដែលមិនបាន​ធ្វើ​កា​រ​​សហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ។

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឡើងក្នុងជំនួប កាលពីថ្ងៃទី២​២​​ ខែ​តុលា ឆ្នាំ២០១៨ ជាមួយលោកជំទាវ មីសែល បាសែឡែត(Michelle Bachelet ) ឧត្ត​ម​ស្ន​ងការ​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុ​ង​ខណៈដែលសម្ដេចតេជោ​ដឹកនាំ​គ​ណៈ​​ប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអ្នកដឹក​នាំ​វិនិ​យោគ​សកល នៃវេទិកាវិនិ​យោ​គ​ពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្តីពី​ពា​ណិជ្ជកម្មនិងការ​អភិវឌ្ឍ​។ នេះបើតាមការឱ្យដឹងរបស់អ្នកយកព័ត៌មាន​របស់ទូរទស្សន៍​ជា​តិកម្ពុជា។

ក្នុងជំនួបពិភាក្សាគ្នានោះ លោកជំទាវ មីសែល បាសែឡែត  បានមានប្រសា​ស​ន៍​ថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺ​ជា​ការិ​យា​ល័យដែលមានវ័យចំណាស់ជាងគេ។ លោកជំទាវក៏បានអរគុណ​ជូនចំពោះរាជរដ្ឋា​ភិ​បាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបន្តអាណត្តិរបស់​ការិយា​ល័​យ​រប​ស់ខ្លួនរយៈពេល២ឆ្នាំទៀត ក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ លោកជំទាវ​បាន​ធ្វើ​ការកត់សម្គាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធមនុស្ស ពិសេស​សិទ្ធិ​   រប​ស់​ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។ លោកជំទាវក៏បាន​ទទួល​ស្គា​ល់​ដែរ​ថា​ បើទោះបីជាប្រទេសទាំងអស់មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈម​ទៅនឹង​ចំ​ណុចផ្សេងៗផងដែរ។ តាមរយចំណុចល្អរបស់កម្ពុជាលោកជំទាវ បានលើកឡើងថា លោក​ជំ​ទាវនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស ស្តីពីកម្ពុជា។ លោកជំ​ទា​វ​​បានសង្កត់ធ្ងន់ថា អ្វីដែលឧត្តមស្នងការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ​អាច​ជួ​យ​បា​ន​ លោកជំទាវនឹងបន្តសហការនិងផ្តល់នូវការគាំទ្រដល់ប្រទេសកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា នៅថ្ងៃនេះសម្តេចបានធ្វើទស្សនកិច្ច​នៅទីស្នាក់​កណ្តា​ល​ពីរ របស់អង្គការសហប្រជាជាតិ ក្នុងនោះទី១ នៅទីស្នា្កក់ការកណ្តាលរបស់ ឧត្តមស្នងការ​អង្គ​កាពាណិជ្ជកម្មពិភពលោក និងទី២នៅទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការសិទ្ធិមនុស្ស រប​ស់អង្គការសហប្រជាជាតិ។ បើទោះបីជាការិយាល័យសិទ្ធិមនុស្សរបស់អង្គការ​សហប្រជាជា​តិ​ ប្រចាំកម្ពុជាពិតជាមានលក្ខណៈពិសេសនោះ សម្តេចតេជោសូមអញ្ជើញលោកជំទាវ​អញ្ជើ​ញ​មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប។ សម្តេចតេជោបន្តថា បើទោះបី​យើ​ង​មានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គ​ការសហប្រជា​ជា​តិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ ឆ្នាំ​ទៅ​មុខ​ទៀ​ត របស់ការិយាល័យសិទ្ធមនុស្សប្រចាំកម្ពុជា។ ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចតេជោបានស្នើឱ្យ​មានកិច្ចសហការលើបញ្ហាសិទ្ធមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា​ដើ​ម្បី​ធ្វើ​យ៉ាងណាឱ្យមានការយល់គ្នាឱ្យ បានច្បាស់មុននឹការវាយតម្លៃដែលមិនបានធ្វើការ​សហ​កា​រ​គ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ៕

ដោយ ជឹម ណារី