អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងទំនប់បារាយណ៍ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូងប្រវែង១.៦៤០ម៉ែត្រ

AKP សៀមរាប ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –អាជ្ញាធរជាតិអប្សរាបានសហការជាមួយក្រុមហ៊ុនរាជសីហ៍ ធ្វើការជួសជុលតួទំនប់បារាយណ៍ ទឹកថ្លាជ្រុងខាងលិច ផ្នែកខាងត្បូង ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប ដែលមានប្រវែង១៦៤០ម៉ែត្រ រងការខូចខាតដោយសារអាយុកាល ទឹករលក និងការហូរច្រោះដោយទឹកភ្លៀងជាដើម។

លោក មាន់ ផានិត មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះថា ការងារនេះអនុវត្តន៍ ដោយក្រុមហ៊ុនរាជសីហ៍ដែលស្ថិតនៅក្រោមការពិនិត្យជាប្រចាំដោយក្រុមការងារបច្ចេកទេសរបស់ ជ្ញាធរជាតិអប្សរា ក្នុងបំណងអភិរក្សនិងថែរក្សាបារាយណ៍ទឹកថ្លាឱ្យមាំទាំជាងមុននិងស្ថិតនៅគង់វង្សយូរអង្វែង។លោកបន្តថា ចំពោះគម្រោងនៃការជួសជុលគឺមានរយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។

លោកបានលើកឡើងថា ចំពោះការអនុម័តយល់ព្រមឱ្យប្រើប្រាស់គ្រឿងចក្រក្នុងការ ជួសជុលពង្រឹងទំនប់បុរាណនេះ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ក៏បានធ្វើកំណាយ ដើម្បីសិក្សាបន្ថែមអំពីវិធីសាស្ត្របង្ហាប់ដីបុរាណ រចនាសម្ពន្ធ និងប្រភេទដីទំនប់ដើម្បីធានាថា ការជួសជុលនេះមិនប៉ះពាល់ដល់បុរាណដ្ឋាន និងធានាគុណភាពយូរអង្វែង។

សូមបញ្ជាក់ថា បារាយណ៍ទឹកថ្លាមានទំហំធំជាងគេក្នុងចំណោមបារាយណ៍ទាំងបួន នៅក្នុងតំបន់សៀមរាប-អង្គរ ដែលស្ថិតនៅខាងលិចក្រុងអង្គរធំ មានទទឹងប្រវែង២.២០០ម៉ែត្រ និងបណ្តោយប្រវែង៨.០០០ម៉ែត្រ អាចរក្សាទឹករហូតដល់៥៦លានម៉ែត្រគុប។ កន្លងមកអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់អភិរក្សនិងជួសជុលតួទំនប់បារាយណ៍ទឹកថ្លាជាច្រើនដំណាក់កាលមកហើយ។លើសពីនេះទៀតបារាយណ៍ទឹកថ្លានេះ មានសារៈសំខាន់ខ្លាំង ណាស់សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពស្រែ និងដំណាំផ្សេងៗជាងមួយម៉ឺនហិកតា បញ្ជៀស បញ្ហាទឹកជំនន់ក្នុងតំបន់សៀមរាប-អង្គរ ទាក់ទាញភ្ញៀវទេសចរ បង្កើនការងារដល់ប្រជាជន តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ សេវាជិះទូកកម្សាន្ត ផ្គត់ផ្គង់ទឹកសម្រាប់ផលិត ទឹកស្អាត នៅក្នុងក្រុងសៀមរាប (១៨.០០០ម៉ែត្រគុបក្នុងមួយថ្ងៃ) ជាពិសេសទឹកបារាយណ៍ បានចូលទៅបំពេញទឹកក្រោមដីឱ្យរក្សាបាននូវតុល្យភាព និងរក្សាលំនឹងគ្រឹះប្រាសាទឱ្យមាន ភាពរឹងមាំ ពិសេសជាកន្លែងរក្សាពូជត្រីបានយ៉ាងល្អ ដែលផ្តល់ផលត្រីយ៉ាងច្រើនជូនប្រជា ជនដែលរស់នៅជុំវិញផងដែរ៕

ដោយ ឃុត សៅ