ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលបញ្ជ្រាបយេនឌ័រ ក្នុងផែនការ និងស្ថិតិឆ្នាំ២០១៨ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –ក្រសួងផែនការបានបើកវគ្គបណ្តុះបណ្តាលបញ្រ្ជាបយេនឌ័រ ទៅក្នុងផែនការនិងស្ថិតិ ឆ្នាំ២០១៨ និងការផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ ដល់មន្រ្តីពាក់ព័ន្ធមកពីខេត្តចំនួន៩ កាលពីព្រឹក ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅខេត្តក្រចេះ។      

     

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួង ផែនការ ដែលមានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ និងមានមន្រ្តីពាក់ព័ន្ធចំនួន៦៥នាក់ មកពីខេត្តចំនួន៩គឺ ខេត្តក្រចេះ ស្ទឹងត្រែង  ព្រះវិហារ  រតនគិរី  មណ្ឌលគិរី ត្បូងឃ្មុំ  កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកជំទាវ ដួង សារុន អនុរដ្ឋលេខាធិការក្រសួងផែនការ និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ។  

     

លោកជំទាវ ដួង សារុន  អនុរដ្ឋលេខធិការក្រសួងផែនការបានឱ្យដឹងថា យេនឌ័រគឺជា បញ្ហាដ៏សំខាន់មួយក្នុងចំណោមបញ្ហាសំខាន់ៗនានា ដែលកំពុងត្រូវបានយកចិត្តទុក ដាក់ជា ខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានាលើសកលលោក។ សកម្មភាព ជាច្រើន ដែលសំដៅលើកស្ទួយសមភាពយេនឌ័រនៅក្នុងប្រទេស ត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជារួមទាំងការរៀបចំច្បាប់ និងលិខិតបទដ្ឋានដែលការពារ និងលើកតម្កើង សិទ្ធិស្ត្រីការបញ្រ្ជាបយេនឌ័រ ទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ នៅគ្រប់ កម្រិត ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្តល់ឱកាស និងតួនាទីដល់ស្ត្រីជាដើម។

លោកជំទាវអនុរដ្ឋលេខាធិការក្រសួងផែនការបញ្ជាក់ថា  តាមរយៈវគ្គបណ្តុះបណ្តាល នៅពេលនេះ មន្ត្រីរាជការជានារីនឹងកាន់តែមានឱកាសក្នុងការទទួលបានការជឿទុកចិត្ត លើខ្លួនឯងនិងការទទួលបាននូវតួនាទីភារកិច្ច និងចំណូលសមភាពជាមួយបុរស។ លោកជំទាវក៏បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រ នៃក្រសួងផែនការ ដែលបានផ្តួចផ្តើមគំនិត រៀបចំឡើងនូវសកម្មភាពនានា ពាក់ព័ន្ធនឹង យេនឌ័រជាដើម ដើម្បីអនុវត្តទៅតាមព្រះរាជានុសាសន៍ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងសមភាពយេនឌ័រ នៅក្នុងប្រព័ន្ធផែនការ និងស្ថិតិ ក្នុងក្រសួងផែនការផងដែរ៕

ដោយ ជួន សុជាតិ