អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការរៀចំសួនពុះទ្រូងផ្លូវ និងត្រៀមដំឡើងភ្លើងចរាចរណ៍ថ្មី

AKP បាត់ដំបង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបាន អញ្ជើញចុះពិនិត្យការរៀបចំសួនពុះទ្រូងផ្លូវ និងទីតាំងដែលត្រៀមដំឡើងភ្លើងចរាចរណ៍ថ្មី១ កន្លែងបន្ថែមទៀត ចាប់ពីគល់ស្ពានថ្មចាស់ត្រើយខាងកើត រហូតដល់រង្វង់មូលលោកតាដំបង ក្រញូង មានប្រវែងជិត១គីឡូម៉ែត្រ ដែលជាគម្រោងថវិកា របស់រដ្ឋបាលខេត្ត។

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍នៅក្នុងឱកាសនោះថា ការដែលរៀបចំឱ្យមានសួនពុះទ្រួងផ្លូវដូចនេះគឺទី១. វាអាចជួយលើកសោភណភាព សម្រស់ទីក្រុង, ទី២.គឺអាចជួយបញ្ចៀសការគ្រោះថ្នាកចរាចរណ៍ផងដែរ។ រដ្ឋបាលខេត្តក៏នឹង រៀបចំភ្លើងចរាចរណ៍ ១កន្លែងបន្ថែមទៀតនៅចំណុចផ្លូវប្រសព្វបែកជា៥ សួនយុវ័ន និង រៀបចំសួនពុះទ្រូងផ្លូវ បន្ថែមទៀតចាប់ពីរង្វង់មូលលោកតាដំបងក្រញូងរហូតដល់ស្ពានសោហឺ(ស្ពានថ្មថ្មី) ត្រើយខាងកើត ដែលមានប្រវែង២គីឡូម៉ែត្រ។

ឯកឧត្តម ងួន រតនៈ ក៏បានសំណូមពរ និងសុំការយោគយល់អាធ្យាស្រ័យ ដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះ សូមជួយថែទាំរក្សាទាំងអស់គ្នា ព្រោះសួនពុះទ្រូងផ្លូវនេះ ជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា៕

ដោយៈណយ នឿន(ប្រភព៖រដ្ឋបាលខេត្ត)