អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃអះអាងថា នឹងខិតខំកៀរគរអ្នកវិនិយោគទុនពីប្រទេសឥណ្ឌា និងប្រទេសម៉ាឡេស៊ីបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម កឹម ជាតិ មានប្រសាសន៍ថា ឯកឧត្តមនឹង ខិតខំកៀរគរអ្នកវិនិយោគទុនពីប្រទេសឥណ្ឌា និងប្រទេសម៉ាឡេស៊ីបន្ថែមទៀតឱ្យមក បណ្តាក់ទុននៅកម្ពុជា ដើម្បីរួមចំណែកជំរុញដល់កិច្ចអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមាន ការរីកចម្រើនថែមទៀត។

       ឯកឧត្តមអនុរដ្ឋលេខាធិការ កឹម ជាតិ អះអាងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតសភាពាណិជ្ជកម្មពីសភាពាណិជ្ជកម្ម ម៉ាឡេស៊ី និងឥណ្ឌា ដែល ពិធីប្រគល់ និងទទួលសញ្ញាបត្រនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះ ដោយមានឥស្សរជនជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ីមកប្រគល់ជូនផ្ទាល់។

     ឯកឧត្តម កឹម ជាតិ បានបញ្ជាក់ថា បើនិយាយពីទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា គឺមាន តាំងពីយូរលង់ណាស់មកហើយ នេះបើយោងតាមប្រវត្តិសាស្ត្រ។ ដោយឡែកចំពោះ ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីវិញក៏មានតាំងតែពីយូរយាណាស់មកហើយដែរ ដែល ប្រទេសទាំងពីរនេះសុទ្ធ តែមានអ្នកវិនិយោគទុនរបស់ខ្លួនកំពុងបណ្តាក់ទុននៅ កម្ពុជាដូចគ្នា។ យើងមានទំនាក់ទំនងការទូតជាមួយគ្នាយ៉ាងស្អិតល្មួត ជាមិត្តភក្តិនៅក្នុងតំបន់ យ៉ាងល្អប្រសើរ ហើយឥណ្ឌា និងម៉ាឡេស៊ីបាន និងកំពុងដើរតួនាទីជាអ្នករួមចំណែកយ៉ាងសំខាន់នៅក្នុង ការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈទុនវិនិយោគទៅលើវិស័យនានា។ ដូច្នេះយើងសង្ឃឹមថា ទាំងឥណ្ឌាទាំងម៉ាឡេស៊ីនឹងនៅតែបន្តដល់ដំណើរការនៃការរួមចំណែក ចំពោះការអភិវឌ្ឍ ប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈការមកដល់នៃអ្នកវិនិយោគទុនថ្មីៗពីប្រទេសឥណ្ឌា និងពីប្រទេសម៉ាឡេស៊ី។

     ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កឹម ជាតិ ក៏បានថ្លែង អំណរគុណយ៉ាងជាលជ្រៅចំពោះសភាពាណិជ្ជកម្មឥណ្ឌា និងម៉ាឡេស៊ី ដែលបានសម្រេច ផ្តល់ជូននូវសញ្ញាបត្រថ្នាក់បណ្ឌិតសភាពាណិជ្ជកម្មដល់មន្ត្រីកម្ពុជាចំនួន៥រូប  និងបរទេស មានម៉ាឡេស៊ី និងឥណ្ឌា ២រូប  សរុបចំនួន ៧រូបនាពេលនេះ៕

ដោយ ប៉ាល់  សុង