តំណាងរាស្ដ្រប្រទេសជប៉ុនចង់ឱ្យកម្ពុជាថែរក្សាឱ្យបាននូវសន្តិភាព និងចៀសវាងឱ្យផុតពីសង្គ្រាម

AKP សៀមរាប ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –អតីតអនុរដ្ឋមន្ដ្រីក្រសួងការបរទេស និងជាតំណាងរាស្រ្ដរបស់ប្រទេសជប៉ុននាពេល បច្ចុប្បន្នបានលើកទឹកចិត្តឱ្យកម្ពុជាថែរក្សាឱ្យបាននូវសន្តិភាព និងចៀសវាងឱ្យផុតពីសង្គ្រាម ខណៈដែលកម្ពុជា និងរួចផុតពីវិបត្ដិគ្រាប់មីននៅពេលឆាប់ៗនេះ ហើយការឡើង បែបនេះ បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តមទស្សនកិច្ចនៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីននៅខេត្ដសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីននៅខេត្ដសៀមរាប ដើម្បីឈ្វេងយល់ពីគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះដែលសល់ពីសង្គ្រាមនៅកម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម កាស៊ូណូរី តានណាកា (KAZUNORI TANAKA) អតីតអនុរដ្ឋមន្ដ្រីក្រសួងការបរទេសនិងជាតំណាងរាស្រ្ដរបស់ប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ បានមានប្រសាសន៍ថា ជប៉ុនជាប្រទេសមួយ ដែលបានផ្ដល់ជំនួយយ៉ាងច្រើនដល់ ជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) សម្រាប់ជួយដោះស្រាយបញ្ហាគ្រាប់ មិនទាន់ផ្ទុះ សល់ពីសង្គ្រាម ដើម្បីជួយឱ្យប្រទេសកម្ពុជាមានសន្ដិសុខសុវត្ថិភា និងរួចផុតពីវិបត្ដិគ្រាប់មីន ហើយក្នុងនាមជាប្រទេសរដ្ឋភាគីប្រទេសជប៉ុន ប្ដេជ្ញានឹងជួយដល់ប្រទេសកម្ពុជាបន្ថែមទៀត ទៅលើវិស័យមីននៅកម្ពុជានេះ។

ឯកឧត្តមបានលើកទឹកចិត្តឱ្យកម្ពុជាថែរក្សាឱ្យបាននូវសន្តិភាពនិងចៀសវាងឱ្យផុត ពីសង្គ្រាម ខណដែលកម្ពុជានិងរួចផុតពីវិបត្ដិគ្រាប់មីននៅពេលឆាប់ៗខាងមុខនេះ ហើយជប៉ុនសន្យានឹងចូលរួមជាមួយកម្ពុជា នឹងធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានសន្ដិភាព សុវត្ថិភាពលើបញ្ហាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនេះ

ឯកឧត្ដម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា បានមាន ប្រសាសន៍ប្រាប់អ្នកសាព័ត៌មានក្រោយពីទស្សនកិច្ចនេះថា ជាការពិតណាស់ជប៉ុន ជាប្រទេសមួយ ដែលបានផ្ដល់ជំនួយយ៉ាងច្រើនដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ហើយជំនួយទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ កម្ពុជាក្នុងការដោះស្រាយបញ្ហាគ្រាប់ មីននិងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះមានគម្រោងចំនួន៤គម្រោងដែលជំនួយ របស់ ជប៉ុនសម្រាប់បោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាដែលកំពុងអនុវត្តន៍ និងជិតផុតនៅឆ្នាំក្រោយ ហើយកម្ពុជាកំពុងស្នើសុំឱ្យជប៉ុនជួយបន្ត ក្នុងនោះមាន គម្រោងបោសសំអាតមីននៅក្នុងខេត្ដបាត់ដំបង ដែលមានទឹកប្រាក់ជិត២០លានដុល្លា ក្នុងរយៈពេលបីឆ្នាំ គម្រោងទី២ការអភិវឌ្ឍ ក្រោយបោសសំអាតមីនរួចការជួយដល់ ជនពិការគម្រោងទី៣នៅខេត្ដបន្ទាយជ័យនិងទី៤ខេត្ដកំពង់ធំ។

ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា នៅប្រទេសកម្ពុជា គ្រាប់មីនភាគច្រើនមាននៅ តាមបណ្ដាស្រុកតាមបណ្ដោយប្រទេសកម្ពុជា និងថៃដោយសារនៅទីនោះ មានសង្គ្រាមស៊ីវិល តស៊ូដោយប្រដាប់អាវុធ។ចំណែកគ្រប់បែកទម្លាក់ពីលើយន្ដហោះមាន នៅសល់ច្រើននៅភាគខាងកើត ដូចជាខេត្ដរតនគិរី និងមណ្ឌលគរី ស្វាយរៀងព្រៃវែងជាដើម

ឯកឧត្ដមបានបន្ថែមទៀត នៅក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាសម្រេចបាននូវការ បោសសំអាតផ្ទៃដីមីនបានចំនួនជាង១០០០គីឡូម៉ែត្រក្រឡា។ ដោយឡែកការរុករកគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួនជាង២លាន៧សែនគ្រាប់ ដែលបញ្ជាក់ថា នេះជាភាពជោគជ័យដ៏ធំធេងដែលបានជួយសង្គ្រោះដល់ពលរដ្ឋកម្ពុជា ដែលប្រឈមនឹង គ្រោះថ្នាក់នេះ។ ជាមួយគ្នានោះកម្ពុជាគ្រោងនឹងមានផែនការបោសសំអាតមីនឱ្យ បានជាង១២០០គីឡូម៉ែត្រក្រឡាដល់ឆ្នាំ២០២៥ នៅលើផ្ទៃដីដែលនៅសល់៦០ភាគរយ ព្រោះបច្ចេកវិទ្យា និងចំណេះដឹងរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើនលើវិស័យកំចាត់មីន៕

ដោយ ឃុត សៅ