អ៊ីស្រាអែលបើកឡើងវិញកន្លែងឆ្លងកាត់ហ្គាហ្សា២

AKP ភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការពារប្រទេសអ៊ីស្រាអែល លោក Avigdor Lieberman កាលពីថ្ងៃអាទិត្យនេះ បានបញ្ជាក់ឱ្យ បើកឡើងវិញកន្លែងឆ្លងកាត់យ៉ាងសំខាន់២ រវាងហ្គាហ្សាស្ទ្រីបនិងអ៊ីស្រាអែល ដែលត្រូវបានគេបិទកាលពី សប្តាហ៍កន្លងទៅនៅពេលមានអំពើហិង្សានៅព្រំដែន ។

សេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយក្រសួងការពារប្រទេសអ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីធ្វើការពិគ្រោះយោបល់ជាមួយពួកមន្ត្រីសន្តិសុខមកលោក Lieberman បានណែនាំដល់យោធាឱ្យបើកឡើងវិញកន្លែងឆ្លងកាត់ Erez ជាកន្លែងឆ្លងកាត់ដោយថ្មើរជើងយ៉ាងសំខាន់របស់ហ្គាហ្សាទៅកាន់អ៊ីស្រាអែលនឹងកន្លែងឆ្លងកាត់ Kerem Shalam ជាកន្លែងឆ្លងកាត់ទំនិញនិងអ៊ីវ៉ាន់។

សេចក្តីថ្លែងការណ៍ថា ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការថយចុះ ឧប្បត្តិហេតុហិង្សា នៅហ្គាហ្សានៅចុងសប្តាហ៍នេះ ព្រមទាំងកិច្ចប្រឹងប្រែងរារាំងដោយក្រុមហាម៉ាស់ ។
អ៊ីស្រាអែលបានបិទកន្លែងឆ្លងកាត់នេះកាលពីថ្ងៃពុធ បន្ទាប់ពីមានការពុះកញ្ជ្រោលមួយ ដែលរួមមានទាំងការបាញ់រ៉ុក្កែតមួយដោយពួកសកម្មប្រយុទ្ធហ្គាហ្សា ដែលទៅត្រូវលំនៅដ្ឋានមួយក្នុងប្រទេស អ៊ីស្រាអែលភាគខាងត្បូង ។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារពីអាកាស ។

ការកើនឡើងនេះបានកើតឡើងនៅពេលមានកិច្ចប្រឹងប្រែងដោយប្រទេសអេហ្ស៊ីប និង អ.ស.ប. ដើម្បិធ្វើជាអាជ្ញាកណ្តាលការឈប់បាញ់មួយ។ ការបាញ់របស់អ៊ីស្រាអែលបានសម្លាប់ពួកប៉ាឡេស្ទីន យ៉ាងហោចណាស់១៥៦នាក់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)