​ វាយឆ្មក់ពីអាកាសសម្លាប់ពួកតាលីបង់៣០នាក់នៅអាហ្វហ្កានីស្ថានខាងជើង

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ — លោក ម៉ូហាមាម៉ាដ ហ្វានីហ្វ រ៉េហ្សៃ អ្នកនាំពាក្យយោធា ក្នុងតំបន់ភាគខាងជើងបាននិយាយថា ពួកសកម្មប្រយុទ្ធរហូតដល់៣០នាក់បានស្លាប់ នៅពេលដែលយន្តហោះប្រយុទ្ធបានវាយ្រហារការប្រមូលផ្តុំគ្នាមួយរបស់ពួកតាលីបង់នៅក្នុងស្រុកបាក់ឡាន – អ៊ី – ម៉ារកាហ្ស៊ី នៃខេត្តបាក់ឡាន នៅភាគខាងជើងកាលពីថ្ងៃអាទិត្យនេះ ។

លោក រ៉េហ្សៃ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ដោយធ្វើសកម្មភាពតាមសេចក្តីរាយការណ៍ចារកម្មនោះ យន្តហោះប្រយុទ្ធបានចេញទៅវាយប្រហារជាបន្តបន្ទាប់លើការប្រមូលផ្តុំគ្នាមួយរបស់ពួកឧទ្ទាមតាលីបង់នៅក្នុងស្រុកបាក់ឡាន – អ៊ី – ម៉ារកាហ្ស៊ី នៅពេលថ្ងៃត្រង់ដោយសម្លាប់ពួកឧទ្ទាម ៣០ នាក់នៅនឹងកន្លែង ។ មន្ត្រីនោះមិនបានផ្តល់ឱ្យនូវព័ត៌មានលម្អិតថែមទៀតទេ ។

ពួកសកម្មប្រយុទ្ធតាលីបង់បានបើកការវាយប្រហារជាបន្តបន្ទាប់នៅក្នុងផ្នែកនានា នៃខេត្តបាក់ឡាន ដែលរួមបញ្ចូលទាំងរដ្ឋធានី ពូល -អ៊ី- ឃុមរី ផងកាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឱ្យរំខានដល់ដំណើរការបោះឆ្នោតនៃការបោះឆ្នោតសភារបស់ប្រទេសអាហ្វហ្កានីស្ថាន ។ការវាយប្រហារនេះបានសម្លាប់មនុស្ស ១៣ នាក់ នឹងធ្វើឱ្យរបួសច្រើននាក់ទៀត ។ ពួកតាលីបង់មិនទាន់ធ្វើអត្ថាធិប្បាយ ស្តី​ពីការវាយប្រហារតាមអាកាសនេះនៅឡើយទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )