ប្រមុខដឹកនាំកម្ពុជា-តួកគី ឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្ម​ប្រទេសទាំងពីរឱ្យឈាន ​ដល់ ១ពាន់លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន (Recep Tayyip Edogan) ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យឈានដល់ ១ពាន់លានដុល្លារអាម៉េរិក នាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា(TVK) បានឱ្យដឹង បន្ទាប់ពីជំនួបទ្វេភាគីរបស់ប្រមុខដឹកនាំកម្ពុជាតួកគី នារសៀលថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ក្នុងខណៈដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន បានដឹកនាំគណៈ ប្រតិភូទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រលើកដំបូង ទៅកាន់សាធារណរដ្ឋតួកគី។

ក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន បាមាន​ប្រសាន៍ស្វាគមន៍ ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោ​មក​កាន់ប្រទេសតួកគី ពិសេសឯកឧត្តមបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយនាយករដ្ឋមន្រ្តីកម្ពុជា។ ឯកឧត្តមប្រធានាធិបតីបានមានប្រសាសន៍ដោយក្តីសង្ឃឹមថា ដំណើស្សនកិច្ចថ្នាក់ខ្ពស់ នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។ ឯកឧត្តមថ្លែងបន្តថា បច្ចុប្បន្ន​​នេះ តួកគីបានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺសូចនករបង្ហាញពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយនឹងទិសដៅ នៃការជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើនឡើងរហូត ដល់១ពាន់លានដុល្លាអាម៉េរិកនៅពេលខាងមុខ ឯកឧត្តមប្រធានាធិបតី និងសម្តេច តេជោនាយ​​រដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហ ប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាពចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។​​

​​ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បាឯកភាពគ្នា ក្នុងការ ប្រារព្ធរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយៈការរៀបចំនូវសកម្មភាពនានា ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរបាន ស្គាល់ពីប្រទេសយើងទៅវិញទៅមក។ ក្នុងជំនួបពិភាក្សាថ្នាក់កំពូលនោះ​​ដែរ មេដឹកនាំទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញកំណើនវិស័យទេសចរណ៍នៃ ប្រទេសទាំងពីរ តាមរយៈការបើកឱ្យមានការហោះហើរត្រង់ពីគ្នា​​ទៅវិញទៅមក ក្រៅពីការដឹក ជញ្ជូនទំនិញនាពេលបច្ចុប្បន្ន ឱ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរសម្រាប់ប្រទេសទាំងពីរនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ដោយសា​​តែប្រទេសកម្ពុជាទទួលនូវ មជ្ឈមណ្ឌលកំចាត់មីនអាស៊ាននៅកម្ពុជា ឯកឧត្តមប្រធានាធិបតីតួកគី​មានប្រសាសន៍ថា តួកគី នឹពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ក្នុងប្រទេស កម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់អាស៊ាន។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជាតួកគី បានពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់​​ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។មេដឹកនាំនៃ ប្រទេសទាំងពីរក៏បាធ្វើការយ៉ាងយកចិត្តទុកដាក់ផងដែរទៅលើការពិភាក្សាលើការមិនយក ពន្ធត្រួតគ្នា នៃប្រទេសទាំងពីរជាងនេះទៀត​ដោយសារតែប្រទេសតួកគី បានបើកស្ថានឯក អគ្គរដ្ឋ​ទូតរបស់ខ្លួ ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជម្រាប​​ជូន ឯកឧត្តមប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ព្រះ រាជាណាចក្រកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ខាងមុខ តាមរយៈ​ការ ទិញដីសាងសង់ស្ថាទូតដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទៈរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ ទំនងយូរអង្វែងនៃប្រទេទាំងពីរ។ ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ សម្តេចតេជោនាយករដ្ឋ មន្រ្តី បានស្នើឯកឧត្តប្រធានាធិបតី បន្តបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅ បន្តការសិក្សា នៅប្រទេ​​សតួកគី និងជួយទិញអង្ករ ផ្លែស្វាយពីប្រទេសកម្ពុជា ដើម្បីជួយដល់ កសិករកម្ពុជា

ក្នុងព្រះបរមនាមព្រះករុណព្រះមហាក្សត្រ សម្តេចតេជោនាយករដ្ឋមន្រ្តីបានគោរពអញ្ជើញ ដោយផ្ទាល់មាត់ជូនឯកឧត្តមប្រធានាធិបតី ក្នុងការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរា ជាណាចក្រកម្ពុជាក្នុងពេលវេលាដ៏សមស្របនាពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតីបានឆ្លើទៅនឹងការអញ្ជើញរបស់សម្តេចតេជោ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងបានឆ្លើយតបទៅនឹងសំណូមពរមួយចំនួន ដែលកម្ពុជាបានស្នើឱ្យតួកគីជួយ។ ជា មួយគ្នានេះឯកឧត្តមប្រធានាធិបតីក៏បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាអ្នក សង្កេតកាណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ិស្លាមដែលប្រទេសតួកគីនឹងធ្វើជា ប្រធាននៅឆ្នាំ២០១៩៕

ដោយ ជឹម ណារី