ប្រធានរដ្ឋសភាតួកគីចាត់ទុកថាពិតជាមានសារៈសំខាន់ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងជាប្រវត្តិសាស្ត្ររបស់មេដឹកនាំកម្ពុជាមកកាន់ប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្ដម Binaly Yidirim ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគី បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានជ្រើសរើសយកប្រទេសតួកគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។ ឯកឧត្តមបានបន្ដថា តាមរយៈទស្សនកិច្ចនេះ នឹងជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែមានការរីកចម្រើនប្រសើរឡើងថែមទៀត។


តាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅរសៀលថ្ងៃទី២០តុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីត នាយករដ្ឋមន្រ្តីតួកគី។ ក្នុងពិធីនោះ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-តួកគី បានអញ្ជើញជួបពិភាក្សាគ្នាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនឹងការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-តួកគីឱ្យកាន់តែរឹងមាំនិងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគីឱ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣កន្លងទៅ។ ក្នុងជំនួបនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានសភាតួកគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះ រួមទាំងការជំរុញឱ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រធានសភាតួកគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៅកាន់ ឯកឧត្តមប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសតួកគីនេះជាយូរមកហើយ ព្រោះថាតួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋតួកគី។ ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភា តួកគី បានធ្វើការផ្លាស់ប្តូរទស្សនាគ្នា ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់ កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។


បន្ទាប់ពីជំនួបរួចមក ឯកឧត្តម ប៊ីណាលី យីដីរីម ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី បានប្រារព្វរៀបចំនូវពិធីទទួលទានអាហារការងារពេលថ្ងៃត្រង់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
សូមបញ្ជាក់ដែរថា តួកគីនិងកម្ពុជា ជាប្រទេសដែល មានអារ្យធម៌យូរលងណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់ (Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman)។ បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី មានចំណងមិត្តភាពផ្នែកការទូតទើបតែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត៕

ដោយ ជឹម ណារី