ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាទីក្រុងអ៊ីស្តានប៊ុល សាធារណរដ្ឋតួកគី

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ — ប្រភពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋតួកគី នារាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរ ទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ។


សូមបញ្ជាក់ដែរថា សាធារណរដ្ឋតួកគីមានផ្ទៃក្រឡាទំហំជាង៧៨៣ពាន់គីឡូម៉ែត្រក្រឡា ដែលមានព្រំដែនជាប់ និងប្រទេស អាមេនី អាសៃបៃហ្សង់ ប៊ុលហ្គារី ហ្សកហ្ស៊ី ក្រិក អ៊ីរ៉ង់ អ៊ីរ៉ាក់ និងប្រទេសស៊ីរី និងមានប្រជាជនរស់នៅ ជាង៨០លាននាក់។ រដ្ឋធានីរបស់ សាធារណរដ្ឋតួកគី គឺអង់ការ៉ា។ ចំពោះវិស័យសេដ្ឋកិច្ច សាធារណរដ្ឋតួកគី មាន GDP សរុប ២.១៧៣ទី្រលានដុល្លារអាម៉េរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗមាន២៦.៩០០ដុល្លារ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧ភាគរយ ផលិតផលក្នុងស្រុកតាមវិស័យ ក្នុងនោះសេវាកម្មមានជាង៦១ភាគរយ ឧស្សាហកម្មជាង៣១ភាគរយ និងកសិកម្មមានជាង៦ភាគរយ។ ការនាំចេញសំខាន់ៗរបស់ប្រទេសតួកគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារ ដឹកជញ្ជួន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ីន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារដឹកជញ្ជូន។ លើទំនាក់ទំនងការទូត កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយតួកគី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថានឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋតួកគី ក្នុងនោះកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខផងដែរ៕

ដោយ ជឹម ណារី