កម្ពុជា-ចិនចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតប៉ុស្តិ៍ ទូរទស្សន៏ឌីជីថល ជាភាសាខ្មែរ

AKP សៀមរាប ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ — ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តការលើប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា-ចិនកាន់តែមានល្អប្រសើរបន្ថែមទៀត ភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបង្កើតប៉ុស្តិ៍ទូរទស្សន៍ឌីជីថលជាភាសាខ្មែរ ដែលកិច្ចព្រមព្រៀងនេះកម្ពុជាតំណាង ដោយអគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងភាគីចិនតំណាងដោយក្រុមហ៊ុនយូណាន ធីវី ចល័ត។  

ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការបង្កើតប៉ុស្តិ៍ទូរទស្សន៍ឌីជីថល (CDTV–TVK)ជាភាសាខ្មែរនេះ គឺចុះហត្ថលេខាដោយឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ ជាតិកម្ពុជា និងលោក YU LEI តំណាងក្រុមហ៊ុនយូណាន ដោយមានសាក្សីពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Fan Weiping អនុរដ្ឋមន្រ្តី រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ NRTA នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃទី២០ខែតុលា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។


ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៏ជាតិកម្ពុជាបានមានប្រសាសន៏ថា ការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាមួយគ្នានាឱកាសនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតក្នុងការធ្វើឱ្យ ទំនាក់ទំនងកាន់តែធំទូលាយ រវាងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តមបានចាត់ទុកកិច្ចសហការបង្កើតប៉ុស្តីទូរទស្សន៍ Digitalជាភាសារខ្មែរ នៅក្នុងប្រទេសកម្ពុជានេះ ជាការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងផ្តល់នូវការអប់រំ ចំណេះដឹងប្រពៃណី វប្បធម៏ ក៏ដូចជាផ្នែកសំខាន់ៗជាច្រើនទៀត។


ឯកឧត្តមអគ្គនាយកជឿជាក់ថា នៅថ្ងៃអនាគត ក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាល វិទ្យុ ទូរទស្សន៍ជាតិចិន នឹងបន្តអនុវត្តន៍នូវប្រពៃណីសហប្រតិបត្តិការ ការជឿជាក់គ្នាទៅវិញទៅមក ជាពិសេសការជំរុញការផ្សព្វផ្សាយព័ត៌មាន ការផ្លាស់ប្តូរកម្មវិធី ទៅវិញទៅមក ការអភិវឌ្ឍ ធនធានមនុស្ស និងកិច្ចសហការជាក់ស្តែងសំខាន់ៗផ្សេងទៀតរបស់ភាគីទាំងពីរ ឱ្យកាន់តែល្អប្រសើរដើម្បីទទួលផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួមជាមួយគ្នា។


លោក YU LEI តំណាងក្រុមហ៊ុន យូណាន បានឱ្យដឹងថា អនុស្សរណៈដែល បានចុះហត្ថលេខានាឱកាសនេះ គឺស្ថិតក្រោមយន្តការនៃកិច្ចសហប្រតិបត្តការលើប្រពន្ធ័ផ្សព្វ ផ្សាយកម្ពុជា-ចិនហើយក៏ជាផ្នែកមួយជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរកាន់តែទូលំទូលា យនិងរីកចម្រើន។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២មក ក្រុមហ៊ុន យូណាន មេឌា និងទូរទស្សន៍ជាតិកម្ពុជា បានសហការបង្កើតគម្រោងទូរទស្សន៍ ឌីជីថលDTMBកម្ពុជា ហើយភាគីទាំងពីរ បានរួមសហការគ្នាទៅវិញទៅមកក្នុងគោលដៅផ្គត់ផ្គង់ ឱ្យប្រជាជនកម្ពុជា អាចទស្សនានូវប៉ុស្តិ៍ទូរទស្សន៍ឌីជីថលដ៏ល្អដែលអាចទទួលយកបាន។ ទន្ទឹមនេះ ទូរទស្សន៍ នេះ មានការចាក់ផ្សាយកម្មវីធី វប្បធម៌ខ្មែរ ដ៏សម្បូរបែប ហើយពេលនេះបានដំណើរការទៅមុខមួយជំហានទៀត គឺការព្រមព្រៀងគ្នាបង្កើតប៉ុស្តិ៍ទូរទស្សន៍ ឌីជីថល(CDTV–TVK)ភាសារខ្មែរ ដោយមានការផ្សព្វផ្សាយ វប្បធម៌ នៃប្រទេសប្រទេសទាំងពីរជាភាសាខ្មែរ ទាំងភាពយន្តល្អៗស្តីអំពីកម្ពុជា-ចិន ឯកសារគំនូរជីវចល ដែលជាផ្នែកមួយបំពេញនូវតម្រូវការ របស់ប្រជាជនកម្ពុជាថែមទៀត៕

ដោយ ឃុត សៅ