សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនដល់គ្រួសាររង​គ្រោះ ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ក្នុងស្រុកភ្នំស្រុក

AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ — គ្រួសារស្លាប់ដោយសាររន្ទះបាញ់ និងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់​ដែលបាន វាយ ប្រហារមកលើតំបន់ខ្លះក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ ទទួលបាន នូវអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ​​​ដើម្បីរួមចំណែក ជួយដោះស្រាយការលំបាកបានមួយគ្រា។


អំណោយសង្គ្រោះបន្ទាន់នេះ ត្រូវបានលោកស្រី ឆាន់ ចន្ទសោភា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តរួមនឹងក្រុមការងារ​នាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃដល់​ក្រុម គ្រួសារសព និងគ្រួសាររងគ្រោះកាលពីរសៀលថ្ងៃសុក្រ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ។


លោកស្រី ឆាន់ ចន្ទសោភា បានសម្ដែងនូវការចូលរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសព ដែលស្លាប់ដោយរន្ទះបាញ់និងការសោកស្តាយចំពោះការបាត់បង់អាយុជីវិតផ្ទះសម្បែងទ្រព្យសម្បត្តិ​របស់បងប្អូនប្រជាពលរដ្ឋដោយសារគ្រោះមហន្តរាយនៃគ្រោះធម្មជាតិនេះ។ លោកស្រី បានបញ្ជាក់ថា ទោះបីអំណោយដែលបានចែកជូនបងប្អូនមានតិចតួចក្ដី តែនេះ​ជាការបង្ហាញ ពីការយកចិត្តទុកដាក់គិតគូរពីកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ​របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែជួយដោះស្រាយរាល់ការលំបាក របស់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ​។


លោកស្រីក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយើងដែលទទួលរងគ្រោះរលំផ្ទះសម្បែង​ត្រូវរួមសហការជាមួយអាជ្ញាធរដែនដីនិងក្រុមការងារដើម្បីធ្វើការជួសជុលផ្ទះសម្បែងឱ្យបាន​សមរម្យឡើងវិញ។

សូមបញ្ជាក់ថា អំណោយសម្រាប់គ្រួសារសពក្នុង១គ្រួសារ ទទួលបានអង្ករ៥០ គីឡូក្រាម មី២កេស ត្រីខ២០កំប៉ុង ទឹកក្រូច២កេស ទឹកសុទ្ធ៤កេស ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ ៦ដប និងថវិកាមួយចំនួនផងដែរ។ ចំណែកគ្រួសាររងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង សាប៊ូម្សៅ១ គីឡូក្រាម ប្រេងឆា១លីត្រ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប មុង១ ភួយ១ សារុង១ ក្រមា១ និងថវិការមួយចំនួនផងដែរ៕

ដោយ ឈុន សារ៉ាត