សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់សាធារណរដ្ឋតួកគី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨​ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ហើយ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ដំណើរ នៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក។


តាមប្រភពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីអា កាសយានអន្តជាតិ អ៊ិចសេគុយជេត (Execujet) ទីក្រុងព្រុចសែល ក្នុងដំណើរនៃការអញ្ជើញបន្តបំពេញទស្សនកិច្ចការងារ ទៅកាន់ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ជាទីដែល សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញធ្វើជំនួបកំពូលទ្វេភាគី ជាមួយឯកឧត្តម រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ឯកឧត្តម ប៊ីណាលី យីឌឺរីម (Binary Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋតួកគី។ យន្តហោះពិសេសបានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិអាតាទួក ទីក្រុងអីស្តានប៊ុល កាលពីវេលាម៉ោង១២ និង១០នាទី ម៉ោងនៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី ត្រូវនឹងម៉ោង១៦និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុត ពីឯកឧត្តមអភិបាលក្រុងអីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃក្រសួងការបរទេសតួកគី និងលោកជំទាវឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលតួកគី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសតួកគីជាច្រើនរូបផងដែរ។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ថ្នាក់ដឹកនាំដែលអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ នៅក្នុងទស្សនកិច្ចផ្លូវការនេះដែរ កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ក៏ត្រូវបានគ្រោងនឹងចុះហត្ថលេខាផងដែរ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវប្បធម៌ អប់រំ កីឡា កសិកម្ម ធនធានទឹក ទេសចរណ៍ វិនិយោគ និងសកម្មភាពកំចាត់មីន។ នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងអ៊ីស្តានប៊ុល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ក្នុងគោលបំណងលើកទឹកចិត្តធុរជនតួកគី មកវិនិយោគនៅកម្ពុជា។ នៅក្រៅទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងទទួលជួបសិស្ស-និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសតួកគី ព្រមទាំងអញ្ជើញទស្សនាទីកន្លែងប្រវត្តិសាស្រ្តមួយចំនួនផងដែរ។

គួររំម្លឹកដែរថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខផងដែរ។ ប្រទេសទាំងពីរ ប្តេជ្ញានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ចំនួន៥០០លានដុល្លារអាម៉េរិក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕

ដោយ ជឹម ណារ